ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ ជនអនាថារួមទាំងជនប្រើប្រាស់គ្រឿងញៀនដែលតែងតែទៅពពាក់ពពូនពួនសង្ងំប្រើប្រាស់ក៏ដូចជាការចែកចាយធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញនោះ ត្រូវបានលោកសុខ ពេញវុធ អភិបាលនៃ គណៈអភិបាលខណ្ឌដូនពេញ បញ្ជាឲ្យលោកប្រធានប្រជាការពារខណ្ឌដឹកនាំកម្លាំងចុះចាប់ប្រមូលដោយចាប់ប្រមូលបានចំនួន៣៣នាក់បញ្ជូនទៅអប់រំបន្ត ។
លោកគឹម វត្ថា ប្រធានប្រជាការពារខណ្ឌដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះបោសសំអាតជនប្រើប្រាស់គ្រឿងញៀនខាងលើនេះ ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការធ្វើយ៉ាងត្រូវបោសសំអាតឲ្យអស់នូវក្រុមជនអនាថាញៀនថ្នាំក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម ដូច្នេះហើយការចុះធ្វើរដ្ឋបាលនៅក្នុងមូលដ្ឋានគឺលោកអភិបាលបានឲ្យកម្លាំងគណៈបញ្ជាការឯកភាពចុះធ្វើជាប្រចាំ ធ្វើយ៉ាងណាបោសសំអាតក្រុមជនទាំងនោះឲ្យអស់តែម្តង ។
លោកប្រធានប្រជាការពារខណ្ឌដូនពេញ បានបន្តទៀតថា ជាក់ស្តែងព្រឹកនេះកម្លាំងតាមគោលដៅរៀបចំកម្លាំង បានចុះធ្វើរដ្ឋបាលប្រមូលជនអនាថា ជនញៀនថ្នាំនៅក្នុងមូលដ្ឋាខណ្ឌដូនពេញ ជាក់ស្តែងប្រមូលបានមនុស្សសរុបចំនួន ៣៣ នាក់ ក្នុងនោះស្រី០៧នាក់ប្រុស ២៦ នាក់ និងកូនក្មេងចំនួន ០២ នាក់ ដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីកយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំណែនាំ និងបង្ហាត់បង្រៀនទៅតាមវិជ្ជាជីវៈដោយស្ម័គ្រចិត្តរៀងៗខ្លួន ៕ ស តារា