ខេត្តកំពង់ធំ៖ ឈាមស្រែកស្បែកហៅ អំពើប៉ុនប៉ងមនុស្សឃាតគិតទុកជាមុនដ៏សាហាវបានកើតឡើងក្នុងទឹកដីខេត្តកំពង់ធំ ដោយជនរងគ្រោះមិនស្លាប់ដូចបំណងប្រាថ្នារបស់ជនសង្ស័យ បែរជាជាប់អន្ទាក់របស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងសមត្ថកិច្ចនគរបាលប្រើល្បិចផ្សព្វផ្សាយព័ត៌មានមិនពិតមួយ ដើម្បីឈានទៅដល់ឃាត់់ខ្លួនជនសង្ស័យបានសម្រេចនៅម៉ោង០៦ និង៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃឹមឈី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ យោងតាមសេក្តីរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល១៥ និង៣០នាទីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩កន្លងទៅ មានអំពើឃាតកម្មមិនបានសម្រេចមួយ កើតឡើងនៅចំណុចផ្លវលំភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ខណៈដែលបាត់ឪពុក កូនបានដើរតាមរកក៏ប្រទះឃើញឪពុកដេកសន្លប់ហើយមានរបួសឈាមស្រោចពេញមុខ និងដងខ្លួនពោរពេញទៅដោយស្នាមរបួស នៅត្រង់ចំណុចក្បាល និងមុខចំនួន៤កន្លែង ។
ជនរងគ្រោះមានសភាពរបួសធ្ងន់ធ្ងរជាទីបំផុត តែមិនស្លាប់ ក្រោមផ្លែពូថៅ និងដំបងរបស់ជនសង្ស័យឡើយ ! ជនរងគ្រោះត្រូវបាន សាច់ញាតិក្រុមគ្រួសារ ដឹកយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ក្រោយពីកើតហេតុ ព្រះរាជអាជ្ញាបានបញ្ជារចុះស៊ើបអង្កេតជាបន្ទាន់ សមត្ថកិច្ចបានពិនិត្យស្លាកស្នាមរបួសលើជនរងគ្រោះ និងការពិនិត្យកន្លែងកើតហេតុ និងតាមទៅពិនិត្យជនរងគ្រោះដល់មន្ទីរពេទ្យថែមទៀត ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពីបានបើកការស៊ើប អង្កេតទើបដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះបានដើរទៅព្រៃខាងក្រោយផ្ទះតែម្នាក់ឯង ក្រោយមកក៏មាន បុរសម្នាក់ ដែលជាជនសង្ស័យបានពួនស្ទាក់វាយគាត់ហើយកាប់ នឹងពូថៅបណ្តាលឲ្យដេកស្តូកស្តឹង ជនប្រព្រឹត្តគិតថាស្លាប់បាត់ហើយ ក៏រត់គេចខ្លួនទៅ ចំណែកបងប្អូនជនរងគ្រោះបានប្រទះឃើញជនរងគ្រោះហើយក៏ដឹកទៅមន្ទីរពេទ្យ ក្នុងអការធ្ងន់ធ្ងរ ក្នុងហេតុការណ៏នោះ ក៏មិនទាន់ដឹងថា អ្នកណាជាជនដៃដល់នោះទេ ក្រោយពីសភាពជនរងគ្រោះដឹងខ្លួន ក៏បានប្រាប់សមត្ថកិច្ចពីមុខសញ្ញាជាជនសង្ស័យ ដែលមានឈ្មោះ ស៊ុ សៀងហោ ភេទប្រុស អាយុ៥១ឆ្នាំ នៅភូមិកងមាស ឃុំព្នៅ ស្រុកសន្ទុក ជាមួយគ្នា ។
លោក អ៊ិត សុធា បានបន្តថា ដើម្បីចាប់ជនល្មើសបាន លោកបានប្រើល្បិចបញ្ឆោតស្វាឲ្យស៊ីចេក ដោយប្រាប់ទៅជំនាញ និងក្រុមគ្រួសាររបស់គាត់ថា ជនរងគ្រោះឈ្មោះ ឃឹម ឈី បានស្លាប់បាត់បង់ជីវិតហើយ ទើបធ្វើឲ្យជនសង្ស័យមិនមានការប្រុងប្រយ័ត្ន ហើយមិនរត់គេចខ្លួនដោយសារមិនមានភស្តុតាងណា បញ្ជាក់ ថាខ្លួនជាអ្នកប្រព្រឹត្តទៅលើជនរងគ្រោះ! ដោយនឹកស្មានថា ជនរងគ្រោះស្លាប់មែន! ក្រោយមកអធិការដ្ឋាននគរបាលស្រុកសន្ទុកតាមបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាក៏ឈានទៅដល់ការឃាត់់ខ្លួនតែម្តង ។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា ខេត្តកំពង់ធំ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះថា ជនសង្ស័យបានបញ្ជូនដាក់ពន្ធនាគារហើយ ៕ ប៊ុនរិទ្ធី