ខេត្តកណ្ដាល៖ បុរសម្នាក់ឃើញនារីស្លៀកខោខ្លី ចង្កេះកៅស៊ូដេកយប់ ទប់អារម្មណ៍ខ្លួនឯងពុំបាន ចូលទៅរំលោភបានសម្រេច លុះ៣ថ្ងៃក្រោយមក ត្រូវបានសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីរំលោភសេពសន្ថវៈខាងលើនេះ កើតឡើងកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ វេលា ម៉ោង៤ និង១០នាទី ត្រង់ចំណុចការដ្ឋានសំណង់ផ្ទះល្វែង ស្ថិតក្នុងភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ បុល បាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ។ រីឯនារីរងគ្រោះ អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យ មានទីលំនៅភូមិថ្មី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ បច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ ។
ប្រភពដដែលបន្តថា ជនសង្ស័យ និងនារីរងគ្រោះ បានចាកចេញពីស្រុកកំណើតរបស់ខ្លួននៅខេត្តព្រៃវែង មកធ្វើការជាកម្មករ កម្មការិនី នៅការដ្ឋានសំណង់ផ្ទះល្វែងនៅក្រុងតាខ្មៅ ជាមួយគ្នា តែកន្លែងដេកបន្ទប់ផ្សេងគ្នា ។ លុះមកដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានឃើញនារីរងគ្រោះស្លៀកខោកៅស៊ូដេកយប់ ដោយទប់អារម្មណ៍របស់ខ្លួនពុំបាន មកដល់វេលាម៉ោង៤ទៀបភ្លឺ ក៏ដើរចេញពីបន្ទប់ខ្លួន មកបន្ទប់នារីរងគ្រោះ រួចធ្វើសកម្មភាពយកភួយមកគ្របពីលើជនរងគ្រោះពីក្បាលដល់ត្រឹមចង្កេះហើយបានចាប់រំលោភ រហូតបានសម្រេច ។
ក្រោយពីមានហេតុការណ៍កើតឡើងនៅព្រឹកថ្ងៃខែឆ្នាំដដែល នារីរងគ្រោះ បានប្រាប់រឿងរ៉ាវទាំងប៉ុន្មាន ទៅបងស្រីជីដូនមួយ រួចដាក់ពាក្យបណ្ដឹងទៅនគរបាលក្រុងតាខ្មៅចាប់ខ្លួន ។ បន្ទាប់ពីសមត្ថកិច្ចទទួលព័ត៌មានរួច ភ្លាមនោះក៏ស្រាវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ