ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធកូន

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងមានវិបត្តិផ្លូវចិត្តបានយកខ្សែចងក្របី ទៅលើឈើធ្នឹមក្នុងបន្ទប់ទឹកសម្លាប់ខ្លួនចោលប្រពន្ធ កូនកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិទួលអង្គ ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ​បុរសគិតខ្លីមានឈ្មោះ កា សាប៊ុន អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

ប្រភពបន្តថា ដោយមានសេចក្ដីរាយការណ៍ពីអាជ្ញាធរភូមិថា មានករណីមនុស្សស្លាប់ចងក សមត្ថកិច្ចស្រុកនគរបាលប៉ុស្តិ៍ និងគ្រូពេទ្យបានមកពិនិត្យសពជាច្រើនម៉ោង ទើបសន្និដ្ឋានថា ពិតជាស្លាប់ដោយចងកប្រាកដមែន ខណៈមិនមានស្លាកស្នាមសម្គាល់ជារឿងឃាកម្មនោះទេ ។

បើតាមក្រុមគ្រួសារបានរៀបរាប់ទាំងទឹកភ្នែកថា បន្ទាប់ពីជួបជុំហូបបាយពេលយប់ ដូចសព្វដងរួចមក ក៏បានដើរចូលទៅសម្រាកទាំងអស់គ្នា ខណៈមុខប្ដីហាក់ដូចជាស្រពោបស្រពោន និងមិននិយាយស្ដីខុសប្លែកពីធម្មតា ។

ប្រភពបន្តថារហូតដល់ម៉ោង៩ និង៣០នាទីយប់ គាត់ជាប្រពន្ធ ក៏បានងើបដើរចូលក្នុងបន្ទប់ទឹកដើម្បីបត់ជើងស្រាប់តែបើកទ្វារ ក៏មានការភ្ញាក់ផ្អើលឃើញប្ដីចងកសម្លាប់ខ្លួនបាត់ទៅហើយ ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖