ព័ត៌មានទាន់ហេតុការណ៍៖

ដើម្បីទប់ស្កាត់ការបាញ់ប្រហារ ទ្រង់ទ្រាយធំ រដ្ឋាភិបាលNew Zealand ចំណាយប្រាក់ជាង១០០លានដុល្លារ ប្រមូលទិញកាំភ្លើងពីពលរដ្ឋ

ចែករំលែក៖

ដើម្បីទប់ស្កាត់ការបាញ់ប្រហារ កើតឡើងជាថ្មី ក៏ដូចជាគ្រប់គ្រងកាំភ្លើងបានយ៉ាងល្អ រដ្ឋាភិបាល ញូវហ្សឺឡែនៅថ្ងៃទី២០ ខែមិថុនា បានបើកយុទ្ធនាការទិញកាំភ្លើងស្វ័យប្រវត្តិ ពីពលរដ្ឋមកវិញក្រោយ ករណីបាញ់ប្រហារ នៅព្រះវិហារពីរកន្លែង នៅទីក្រុង Christchurch ភាគខាងត្បូង ញូវហ្សឺឡែន កាលពីខែមីនា សម្លាប់មនុស្ស៥០នាក់ ។

អគ្គស្នងការប៉ូលិសញូវហ្សឺឡែន លោក Stuart Nash បានបញ្ជាក់ថា គោលដៅខាងលើ គឺដើម្បីបញ្ចប់ ការធ្វើចរាចរណ៍ អាវុធដ៏គ្រោះថ្នាក់នោះ ។ នៅក្នុងការបាញ់ប្រហារកន្លងមក ជនដៃដល់មកពីអូស្ត្រាលី ឈ្មោះ Brenton Harrison Tarrant បានប្រើប្រាស់កាំភ្លើង៥ប្រភេទ ក្នុងនោះមានកាំភ្លើងស្វ័យប្រវត្តិពីរដើម ប្រភេទ(MSSA) ដែលជាកាំភ្លើងសម្រាប់ប្រើប្រាស់នៅក្នុងជួរកងទ័ព ។

កន្លងមក តំណាងរាស្ត្រញូវហ្សឺឡែន បានបោះឆ្នោត អនុម័តច្បាប់ រឹតបន្តឹងការប្រើប្រាស់កាំភ្លើង ក្នុងនោះបានហាមប្រើប្រាស់កាំភ្លើងប្រភេទ MSSA ។ អ្នកដែលមានកាំភ្លើងប្រភេទនេះមានរយៈពេល៦ខែដើម្បីយកទៅប្រកល់ឲ្យប៉ូលិសវិញ ។ ក្រោយរយៈពេល៦ខែ បើប៉ូលិសរកឃើញនៅមានកាំភ្លើងនេះ នឹងត្រូវជាប់គុក៥ឆ្នាំ។

តាមតួលេខរបសស់រដ្ឋាភិបាល បង្ហាញឲ្យឃើញថា មានកាំភ្លើង ប្រភេទ MSSA រហូតដល់ ១៤.៣០០នាក់ បានចុះឈ្មោះប្រើប្រាស់ និងកាំភ្លើងផ្សេងទៀតជាង១លាន២សែនដើម ។ រដ្ឋាភិបាល បានសម្រេចចំណាយប្រាក់យ៉ាងតិច ១៤៣លានដុល្លារ សម្រាប់ទិញកាំភ្លើងពីពលរដ្ឋមកវិញ ៕


ចែករំលែក៖