ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបង្រ្កាបរថយន្ត១គ្រឿង ដឹកជញ្ជូននាំផលិតផលគ្រឿងជ្រូកជាងកន្លះតោនពីប្រទេសថៃ ចូលមកកម្ពុជាខូចគុណភាពខុសច្បាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោនដឹកផ្ទុកតាមរថយន្តតួរីស១គ្រឿង នាំពីប្រទេសថៃចូលមកកម្ពុជាខូចគុណភាពត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បង្រ្កាប និងឃាត់ខ្លួនអ្នកបើករថយន្ត១នាក់បញ្ជូនមកកាន់ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យដើម្បីត្រួតពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ ។ បង្រ្កាបរថយន្តដឹកផលិតផលគ្រឿងជ្រូកខូចគុណភាពធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ វេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិណាកាឆាយ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំកម្លាំងបង្រ្កាបផ្ទាល់ដោយស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តបន្ទាយមានជ័យ លោកមាស ច័ន្ទពិសិដ្ឋ ។

ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឲ្យដឹងថា ការបង្រ្កាបរថយន្តម៉ាកtoyota alphard ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ ២B ៦៧៧៩ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ​អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យដើម្បីទប់ស្កាត់នៃការនាំចូលផលិតផលម្ហូបអាហារខូចគុណភាពខុសច្បាប់បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋខ្មែរ ។ ក្រោយពីមានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា រថយន្តនោះបានលួចដឹកផ្ទុផលិតផលគ្រឿងក្នុងជ្រូកខូចគុណភាពចេញពីក្រុងប៉ោយប៉ែតដើម្បីឆ្ពោះទៅរាជធានីភ្នំពេញ ។

លោកស្នងការរងប្រាប់ឲ្យដឹងទៀតថា ការត្រួតពិនិត្យជាក់ស្តែងការនាំចូលផលិតផលគ្រឿងក្នុងជ្រូកទាំងនោះគ្មានច្បាប់លិខិតអនុញ្ញាត ឲ្យនាំចូល និងគ្មានការត្រួតពិនិត្យត្រឹមត្រូវពីមន្រ្តីជំនាញនោះឡើយ ។ ផលិតផលគ្រឿងក្នុងជ្រូកសរុប១២កេសស្មើ និង៥៧២គីឡូក្រាមក្នុងនោះមានពោះជ្រូក២០០គីឡូក្រាម ត្រចៀកជ្រូក១៨០គីឡូក្រាម បេះដូងជ្រូក១៥០គីឡូក្រាម ឆ្អឹងជំនីជ្រូក២២គីឡូក្រាម និងពោះវៀនធំ២០គីឡូក្រាម ។

ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ត្រី ចាប សុផាប្ញទ្ធិ ប្រាប់ឲ្យដឹងទៀតថា បើតាមចម្លើយសារភាពពីអ្នកបើកបររថយន្តឈ្មោះគូ លាងចិន ភេទប្រុស​អាយុ២៨ឆ្នាំ រស់នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ប្រាប់សមត្តកិច្ចថា រូបគេប្រកបមុខរបរអ្នករត់តាក់ស៊ី ទើបតែស៊ីឈ្នួលដឹកផលិតផលគ្រឿក្នុងជ្រូកលើកទី១ ឲ្យថៅកែនៅភ្នំពេញស៊ីឈ្នួលដឹក១កេស ២៥០០០រៀល ដោយមិនដឹងថាផលិតផលគ្រឿងក្នុងជ្រូកមានច្បាប់ ឬអត់ច្បាប់នោះទេ ។

លោកស្នងការរងបញ្ជាក់ឲ្យដឹងទៀតថា ផលិតផលគ្រឿងក្នុងជ្រូកជាងកន្លះតោនរងចាំឲ្យមន្រ្តីជំនាញកាំកុងត្រូលចុះមកធ្វើតេស្ថពិនិត្យ ក្រែងមានការលាយផ្សំនូវសារធាតុគីមី និងសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីយកទៅដុតកម្ទេចចោល ៕ សំ វិច្ឆិកា


ចែករំលែក៖