ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនកូនបង្កើត និងកូនចៅរបស់លោក កែវ ជា ប្រធានប៉ុស្តិ៍​នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ដាក់ពន្ធនាគារខេត្តកណ្តាល ពាក់ព័ន្ធរឿងលាយថ្នាំចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំ ឲ្យផឹករហូតស្លាប់នារីម្នាក់ ​របួសបីនាក់

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា​ នៅល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩​ បានឲ្យដឹងថា មន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួក បានលាយថ្នាំចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឲ្យផឹកចំនួនបីកែវ ជាប់គ្នារហូតធ្វើឲ្យស្លាប់នារីម្នាក់​ និងរបួសបីនាក់ បានត្រូវលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារងបានសម្រេចធ្វើការចោទប្រកាន់ពីបទ”ចាត់ចែងឱប្រើប្រាស់​ សមគំនិតក្នុងអំពើរចាត់ចែងឱប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(ករណីមិនរាងចាល)​ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ សំណុំរឿងបានបញ្ជូនទៅលោកស្រី ពេជ មារ៉ែន ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ។

ជនជាប់ចោទទី០១ ឈ្មោះ ទឹម វឌ្ឍនៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ ទី០២ឈ្មោះ​ចន្រ្តា វណ្ណះ ភេទ ប្រុស អាយុ​៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ ទី៣ ឈ្មោះ កែវ វឌ្ឍនៈពូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរនគរបាលច្រកទ្វារអន្តរជាតិក្អមសំណរ ជាកូនរបស់លោក កែវ ជា ប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ ។ អ្នកទាំង០៣ ស្នាក់នៅក្នុងប៉ុស្តិ៍ច្រកទា្វរអន្តរជាតិក្អមសំណរ ។ ទី០៤ ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ។

ជនរងគ្រោះ ទី០១ឈ្មោះ អុិច ចន្នី ភេទស្រី អាយុ១៩ឆ្នំា ជនជាតិខ្មែរ មុខរបរបុគ្គលិក ខារ៉ាអូខេ ម៉ីម៉ី (ស្លាប់) ទី០២ឈ្មោះសន ស្រីនា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉អូខេម៉ីម៉ី (អការ ធ្ងន់កំពុងសង្គ្រោះបន្ទាន់)ទី០៣ឈ្មោះ រ៉ា សំណាង ភេទស្រីអាយុ​២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកការ៉ាអូខេ ម៉ីម៉ី(អាការស្រាល) ទី០៤ឈ្មោះ ជា​ សម្ផស្ស ភេទស្រី​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ​បុគ្គលិកការ៉ាអូខេម៉ីម៉ី ។

អ្នកទាំង០៤នាក់ខាងលើ ស្នាក់នៅហាងការ៉ាអូខេម៉ីម៉ី ស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ ។

ម្ចាស់ទីតាំងមានឈ្មោះ​គឹម ប៉ោ​ ភេទស្រី​ អាយុ៤០ឆ្នាំ​ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល ។

សូមរំលឹកថា៖នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩វេលាម៉ោង០១ និង៣០នាទីយប់ជនសង្ស័យទាំង៥នាក់ខាងលើបានចូលទៅច្រៀងការ៉ាអូខេ នៅហាង ម៉ីម៉ី បន្ទប់លេខ៧៧៧៧ នៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក​ ខេត្តកណ្តាលដោយមានស្រីកំដរ ចំនួន០៤ នាក់ (ជនរងគ្រោះខាងលើ)លុះផឹកស៊ីច្រៀងរាំបានប្រហែលជាកន្លះម៉ោងឈ្មោះទឹម វឌ្ឍនៈ​ បានយកថ្នាំ ចំនួន០២ដបទំហំប៉ុនម្រាមដៃមកលាយជាមួយភេសជ្ជៈគោជល់(ពុំដឹងថ្នាំអ្វី)ហើយលាយគ្នារួចឲ្យ គ្នីគ្នាចាក់ចូលកែវតូចឲ្យ ស្រីកំដររៀងៗខ្លួនផឹក បានជា​ ៥ទៅ៦នាទី ក៏មានអការធ្វើទុក្ខហើយដឹងដល់ម្ចាស់ហាង ក៏បានរាយការណ៍មកសមត្ថកិច្ច សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យ០៤ នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនីតិវិធី ។ ​លុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងចម្រុះដោយមានការចូលរួមពីលោកលាវ ស្រេង​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងលោក ឯក ស៊ុនរស្មី​ ព្រះរាជអាជ្ញារង​ លោក ចាប ចន្ទ័វិទ្យា អភិបាលស្រុកលើកដែក កម្លាំងអនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ​ កម្លាំងស្នងការនគរបាលខេត្តកណ្តាល និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះទៅធ្វើការស្រាវជ្រាវអស់ជាច្រើនម៉ោង រកឃើញមន្ត្រីនគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួក បានលាយថ្នាំប្រភេទអិុចស្តារសុី និងប្រភេទ ថ្នាំគ្រវីមានសារធាតុញៀនជាច្រើនមុខ បានលាយចូលទៅក្នុងស្រា រួចប្រើហិង្សាបង្ខំឲ្យផឹកចំនួនបីកែវជាប់គ្នារហូតធ្វើឲ្យស្លាប់នារីម្នាក់​ ​ និងរបួសបីនាក់​ពិតប្រាកដមែន ក៍សម្រេចបិទទីតាំងនោះតែម្តង ។

វត្ថុតាងចាប់យក៖ ថ្នាំម្សៅ ពណ៌ស ស្រអាប់​​១ កញ្ចប់តូច (ពុំដឹងជាថ្នាំអ្វី) ។ ដបទឹកសុទ្ធវីតាល់​មាន បន្សល់ទឹកថ្នាំ ពណ៌លឿង (ពុំដឹងថ្នាំអ្វី) ។ សំបកកញ្ចប់កៅអៀករូបខ្លាពណ៌លឿង(ចំនួន០១) ៕​ ឆ ដា​


ចែករំលែក៖