ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ប្រមានដកតំណែងមន្ដ្រីណាទៅកាងបនល្បែងស៊ីសងគ្រប់ប្រភេទនៅមូលដ្ឋានខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសនៅក្នុងពិធីប្រកាសចូលកាន់ មុខតំណែង អភិបាលខណ្ឌ បឹងកេងកង និងប្រធានក្រុមប្រឹក្សាថា៖ បើមន្រ្តីណាដែលទៅកាងពី ក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋានខ្លួន មន្ដ្រីនោះនឹងទទួលការព្រមានតាមច្បាប់ការងាររដ្ឋ ត្រូវទទួលទោសទណ្ឌ និង ប្រឈមការដកតំណែង ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីក្រោមឱវាទ ទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួល សំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាសឲ្យមានសកម្មភាពប្រព្រឹត្ត បើកល្បែងស៊ីសងខុសច្បាប់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវដកតំណែង អស់ បុណ្យសក្តិជាមិនខាន។

លោក អភិបាលរាជធានីភ្នំពេញ បានថ្លែងដូច្នេះក្នុងឱកាសប្រកាសស្តីពីការដាក់ឲ្យដំណើរការរដ្ឋបាលខណ្ឌបឹងកេងកង ប្រកាសចូលកាន់តំណែង លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងសមាជិក១៧រូប កាលពីរសៀលថ្ងៃព្រសហ្បតិ៍ ៣រោច ខែជេស្ន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ អាជ្ញាធរមូលដ្ឋានទំាងអស់ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម ជូនប្រជាពលរដ្ឋឲ្យបានល្អ ចាប់ពីពេលនេះតទៅ ។

លោកបន្ដថា៖ ល្បែងស៊ីសងខុសច្បាប់ ទាំងនោះ មានមន្ដ្រីនៅមូលដ្ឋាន ទៅកាង និងទទួលសំណូកពីគេហើយ ការរៀបចំសណ្តាប់ ធ្នាប់សាធារណៈ នៅទីនោះគឺរៀបចំមិនកើតនោះទេ ។

នៅក្នុងឱកាសនោះដែល លោល អភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទំាងអស់ត្រូវចុះរុះរើស្លាកយីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រងបែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជា ជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម។

សូមបញ្ជាក់ថា ៖ ខណ្ឌបឹងកេងកងត្រូវបានបង្កើតឡើងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ខែមករា ឆ្នាំ ២០១៩នេះ ដោយបំបែកចេញពីខណ្ឌចំការមន ក្នុងនោះមានចំនួន៧ គឺសង្កាត់បឹងកេងកង១ បឹងកេងកង២ បឹងកេង៣ អូឡាំពិក ទំនប់ទឹក ទួលស្វាយព្រៃទី១ និងសង្កាត់ទួលស្វាយព្រៃទី២៕ សំរិត


ចែករំលែក៖