ខេត្តប៉ៃលិន៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានបង្ហាញមុខក្រុមចោរលួចម៉ូតូនិងកាច់កសោម៉ូតូ ឆ្លងដែនតាមខេត្ត ចំនួន ០៣នាក់ ដែលបង្ក្រាបបាន ពេលកំពុងធ្វើសកម្មភាព នៅក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដោយដកហូតបានម៉ូតូរបស់ជនរងគ្រោះ ចំនួន ០៥គ្រឿង និងរថយន្តរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាព ចំនួន ១គ្រឿង។
បើតាមការបញ្ជាក់របស់លោកវរៈសេនីយ៍ទោ ហ៊ីង យ៉ាន់ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា៖ ដោយយោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះ និងដោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្ត ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបង្រ្កាបឲ្យបានទាន់ពេលវេលា រាល់បទល្មើសដែលកើតមានឡើងក្នុងភូមិសាស្រ្ត និងដោយទទួលបានការសម្របសម្រួលពីលោក តូច ភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបលោកឧត្តមសេនីយ៍ត្រី អ៊ីវ គឹមស៊ាន ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាប្រព្រឹត្តបទល្មើស រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យ ១/-ឈ្មោះ ប៉ន វ៉ាន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ២/-ឈ្មោះ រី វុទ្ធី ហៅ ទូច ភេទប្រុស អាយុ៣៣ឆ្នាំ មុខេបរ រត់តាក់ស៊ី រស់នៅ ភូមិត្រពាំងដង្ហិត ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង និងទី៣/-ឈ្មោះ ណុប គង្គារ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកំពង់ចម្លងលើ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
សមត្ថកិច្ចដកហូតបានម៉ូតូរបស់ជនរងគ្រោះ ចំនួន ៥គ្រឿង គឺ១-Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ប៉ៃលិន 1C-7749 ធ្វើសកម្មភាពលួចនៅខេត្តប៉ៃលិន ២-Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ស្លាកលេខ ប៉ៃលិន 1C-9997 ធ្វើសកម្មភាពលួចនៅខេត្តប៉ៃលិន ៣-Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ស្លាកលេខ ប៉ៃលិន 1X-8528 ធ្វើសកម្មភាពលួចនៅខេត្តបាត់ដំបង ៤-Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ប៉ៃលិន 1C-1382 ធ្វើសកម្មភាពលួចនៅខេត្តប៉ៃលិន ៥- Honda Click C125 ពណ៌ស គ្មានស្លាកលេខ ធ្វើសកម្មភាពលួចនៅខេត្តប៉ៃលិន និងរថយន្ត ១គ្រឿង របស់ក្រុមជនសង្ស័យ ដែលប្រើសម្រាប់ប្រព្រឹត្តិបទល្មើស ម៉ាក Lexus 300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8177។
លោកវរៈសេនីយ៍ទោ ហ៊ីង យ៉ាន់ បានបញ្ជាក់ឲ្យដឹងថា ៖ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៣នាក់នសារភាពថា៖ ពួកគេពិតជាបានប្រព្រឹត្តបទលួច និងកាច់កសោរម៉ូតូ បានជាច្រើនគ្រឿងមកហើយ ពេលលួចបាន ខ្លួន និងបក្ខពួក បានយកម៉ូតូមកកែច្នៃឲ្យប្លែកពីសភាពដើម ហើយបានយកទៅលក់ និងដាក់បញ្ចាំដាច់នៅតាមកន្លែងផ្សេងៗ ហើយបច្ចុប្បន្ន កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ចំណែកម៉ូតូ ចំនួន ០៥គ្រឿង របស់ជនរងគ្រោះ កម្លាំងជំនាញ បានប្រគល់ជូនទៅម្ចាស់ដើមវិញហើយ ៕ ស សារ៉េត