ខេត្តសៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានលើកឡើងថា នៅក្នុងប្រទេសកម្ពុជា បញ្ហាអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង ជាពិសេសបញ្ហាផ្គរ រន្ទះ វាក៏ជាបញ្ហាមួយដែលរាជរដ្ឋាភិបាលកំពុងមាន ការព្រួយបារម្ភដោយសារកន្លងមកបញ្ហាផ្គររន្ទះនេះ វាបានឆក់យកអាយុជីវិតមនុស្ស និងសត្វជាច្រើននៅក្នុងប្រទេសកម្ពុជា ។
លោក ទៀ សីហា បន្តថា សម្រាប់ខេត្តសៀមរាបក្នុង ខែមិថុនា ឆ្នាំ២០១៩ បញ្ហា ផ្គររន្ទះក៏បានឆក់យកអាយុប្រជាពលរដ្ឋចំនួន៣នាក់ និងសត្វពាហនៈ មួយចំនួនផងដែរ ហើយនេះជាបញ្ហាមួយដែលអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធកំពុងមានការព្រួយបារម្ភជាខ្លាំងផងដែរចំពោះបញ្ហានេះ ។
លោកអភិបាលខេត្ត បន្តទៀតថា កន្លងមកអាជ្ញាធរខេត្ត ក៏ដូចជាមន្ទីរពាក់ព័ន្ធបានសហការចុះត្រួតពិនិត្យនឹងតាមដាននូវរាល់បញ្ហានេះ យ៉ាងយកចិត្តទុកដាក់បំផុត ជាពិសេសអាជ្ញាធរខេត្តក៏បានត្រៀមនឹង ដំឡើងនូវឧបករណ៍ការពាររន្ទះនៅទីតាំងមួយចំនួន ដែលតែងតែមានករណីផ្គររន្ទះនេះកើតឡើង ញឹកញាប់ដើម្បីបញ្ជាស និងកាត់បន្ថយរាល់បញ្ហានេះកុំឲ្យបន្តកើតបានឡើងទៀត។
លោក ទៀ សីហា ក៏បានសំណូមពរដល់អាជ្ញាធរស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ពីបញ្ហានេះឲ្យបានល្អ ក្នុងការជួយ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសត្រូវចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋនៅតាម មូលដ្ឋាន របស់ខ្លួនឲ្យបានញឹកញាប់ ដើម្បីឲ្យពួកគាត់បានយល់ និងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារនូវរាល់បាតុភូតនេះកើតឡើងនៅតាមមូលដ្ឋានពួកគាត់ ។
សូមបញ្ជាក់ផងដែរថា លោក ទៀ សីហា បានលើកឡើង បែបនេះក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុក ស្រីស្នំ អាណត្តិ ទី៣ កាលពីព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ៕ ប៊ុនរិទ្ធី