ព័ត៌មានទាន់ហេតុការណ៍៖

ចំនួនអ្នកស្លាប់ក្នុងសោកនាដកម្ម អគារសំណង់រលំសង្កត់លើនៅខេត្តព្រះសីហនុ កើនដល់១៧នាក់ និងអ្នករបួស២៤នាក់, ក្រុមសង្គ្រោះនៅតែបន្តស្វែងរកជនរងគ្រោះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤១រូបក្នុងនោះស្លាប់ចំនួន១៧នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ សាច់ញាតិជនរងគ្រោះដែលស្លាប់ចំនួន ១១ នាក់ បានបំពេញបែបបទដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ហើយនៅសល់សាកសពជនរងគ្រោះចំនួន ៦ នាក់ផ្សេងទៀតដែលអាជ្ញាធរកំពុងទាក់ទងទៅសាច់ញាតិរបស់ពួកគេនៅតាមបណ្តាខេត្តផ្សេងៗ។ កងយោធពលខេមរភូមិន្ទក៏បានជួយដឹកជញ្ជូនសាកសពទៅកាន់ស្រុកកំណើតរស់ជនរងគ្រោះផងដែរ។

ក្រុមការងារជួយសង្គ្រោះជនរងគ្រោះដែលដឹកនាំដោយលោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី និងក្រុមសង្គ្រោះបានបន្តប្រតិបត្តិការពេញមួយយប់ថ្ងៃទី២២ និងបានបន្តរហូតមកទល់ពេលនេះ។ លោក សាយ សំអាល់ សូមគោរពថ្លែងអំណរគុណដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានចូលរួមកម្លំងសាមគ្គីក្នុងបេសកកម្ម រុករកជនរងគ្រោះនៅក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ។

នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន​ សែន ប្រកាសសម្រេចជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ ក្រុមគ្រួសារអ្នកស្លាប់ទទួលបាន៤០លានរៀល និងអ្នករងរបួសចំនួន៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)» ៕ សុខខេមរា


ចែករំលែក៖