ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេច បញ្ចេញថវិកាជាតិ ជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់ ៤០លានរៀល ។
សម្តេចតេជោបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖
«បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ។
សោដនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារ នៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិជួយដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល (សែសឹបលានរៀល) ឬ១មុឺនដុល្លា(10.000$) ។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋនិងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល) ។
ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែងថវិកានេះជូនបងប្អូន ។
យប់នេះខ្ញុំនៅបន្តតាមដានការងាររុករកនិងសង្រ្គោះជាមួយបងប្អូនតទៅទៀត» ៕