ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រមាណជាង៨០០ខ្នង ក្នុងខេត្តស្វាយរៀង រងគ្រោះដួលរលំ និងរបើកដំបូលដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ផ្ទះប្រជាពលរដ្ឋប្រមាណជាង៨០០ខ្នង ក្នុងខេត្តស្វាយរៀង ត្រូវដួលរលំ និងរបើកដំបូលដោយសារមានភ្លៀង និងខ្យល់កន្ត្រាក់លាយផ្គរន្ទះ បោកបក់លាន់សូរកក្រើកដី កាលពីវេលាម៉ោងប្រមាណ៧ទៅ៨យប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ក្នុងស្រុករមាសហែក ស្រុកកំពង់រោទ៍ ស្រុករំដួល ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង។

យោងតាមអាជ្ញាធរខេត្តស្វាយរៀងបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលដួលរលំ និងរបើកដំបូលច្រើនជាងគេ គឺនៅស្រុករមាសហែក រងគ្រោះ១២ឃុំ មានរហូតដល់៧៥១ខ្នង ក្នុងនោះធ្ងន់ធ្ងរ២៥ខ្នង មធ្យម៥០៤ខ្នង និងស្រាល២២២ខ្នង ។

ប្រភពបន្តថា ចំណែកស្រុករំដួលមានចំនួន២៤ខ្នង រងការខូចខាត និងរបើកដំបូលស្រុកស្វាយជ្រំ មាន៦ខ្នង មានឃុំអង្គតាសូ ឃុំគោកព្រីង និងឃុំធ្លក ។ ស្រុកកំពង់រោទ៍ មាន២ខ្នងក្នុងឃុំព្រៃធំ ។

ប្រភពបន្តថា ក្រុងស្វាយរៀងមានចំនួន២៧ខ្នង សង្កាត់ពោធិតា សង្កាត់ចេក សង្កាត់គយត្របែក និងសង្កាត់ស្វាយតឿ។

សូមបញ្ជាក់ថា ចំពោះតួលេខខាងលើនេះ គឺពុំទាន់ទទួលបានជាក់លាក់នៅឡើយទេ ដោយបច្ចុប្បន្នក្រុមការងារកំពុងចុះពិនិត្យជាក់ស្តែងបន្តទៀតផងដែរ ៕ យឹម សុថាន


ចែករំលែក៖