ក្រោយពេលរដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីអាមេរិក លាលែងពីតំណែង ពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានសម្រេច តែងតាំងលោក Mark Esper ជារដ្ឋមន្រ្តីការពារជាតិអាមេរិកពេញសិទ្ធិ តែត្រូវរង់ចាំការអនុម័តពីសភា មុនពេលចូលកាន់តំណែងជាផ្លូវការ ។
សារព័ត៌មាន Sputnik នៅ ថ្ងៃទី២២ ខែមិថុនា ថា សេតវិមាន បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងលោក Mark Esper ដែលជារដ្ឋមន្រ្តីការពារជាតិស្តីទី ឲ្យឡើង ជារដ្ឋមន្រ្តីការពារជាតិអាមេរិកពេញសិទ្ធិតែម្តង ។
លោក Esper ត្រូវបានជ្រើសរើសជារដ្ឋមន្រ្តីការពារជាតិស្តីទីអាមេរិក បន្ទាប់ពីលោក Patrick Shanahan បានសម្រេចលាលែង ពី មុខតំណែងនេះ ហើយដកខ្លួនចេញពីការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ កាលពី ថ្ងៃអង្គារកន្លងទៅ ក្រោយពីមានការ លេចធ្លាយរឿងអាស្រូវស្តីពីអំពើហិង្សាក្នុងគ្រួសារលោក ។ លោក Shanahan បានចាកចេញពីក្រសួងការពារជាតិអាមេរិក កាល ពី ថ្ងៃសុក្រ ខណៈលោក Esper ត្រូវគេរំពឹងថានឹងចូលកាន់តំណែងជារដ្ឋមន្រ្តីការពារជាតិស្តីទី នៅ ថ្ងៃអាទិត្យ ហើយត្រូវរង់ចាំការ អនុម័ត ពី សភា ជុំវិញការតែងតាំងជារដ្ឋមន្រ្តីការពារជាតិពេញសិទ្ធិ ។
គួរជម្រាបថា ការផ្លាស់ប្តូរប្រមុខការពារជាតិនេះ បានកើតមានឡើងស្របពេលដែល សហរដ្ឋអាមេរិកកំពុងប្រឈមនឹងភាពតាន តឹងកាន់តែខ្លាំងឡើងជាមួយប្រទេសអ៊ីរ៉ង់ ជាពិសេសក្រោយករណីអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍របស់អាមេរិកនា សប្តាហ៍នេះ៕