ប្រទេសថៃ៖ នៅព្រឹកថ្ងៃទី២៣ មិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសនៃការអញ្ជេីញចូលរួមកិច្ចប្រជុំកំពូលអាស៊នលើកទី៣៤ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជេីញពិសារអាហារការងារពេកព្រឹករួមគ្នាជាមួយ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តមបណ្ឌិត ថងលួន ស៊ីសូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិឡាវ ដើម្បីធ្វើការផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនឹងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និង អន្តរជាតិ ពិសេសទាក់ទិនទៅនិងការអភិវឌ្ឍក្នុងតំបន់ត្រីកោណ នៃប្រទេសទាំងបីកម្ពុជា ឡាវ វៀតណាម ដែលមានការអភិវឌ្ឍតិចតួចនៅឡើយ។
ក្នុងជំនួបអាហារការងារពេលព្រឹកនោះដែរ មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបី បានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើចំពោះ លទ្ធផលជាវិជ្ជមាន ដែលក្រុមការងារនៃប្រទេសទាំងបី ក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំងបី ដែលពីមួយឆ្នាំទៅមួយឆ្នាំបានចូលរួមចំណែកដល់ការគៀងគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់ ពិសេសបានប្រែក្លាយពីតំបន់មួយដែលមានការខ្វះខាត ជីវភាពរបស់ប្រជាពលរដ្ឋមានភាពក្រីក្រ ឲ្យក្លាយទៅជាតំបន់មួយដែលមានការតភ្ជាប់ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ពិសេសការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន។
ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឲ្យទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រ ទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕