ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង បើកមិនប្រកាន់ស្ដាំ បុកអ្នកជិះម៉ូតូស្លាប់ភ្លាមនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសាំងយ៉ុងមួយគ្រឿង បើកមិនប្រកាន់ស្ដាំ បុកអ្នកជិះម៉ូតូបញ្ច្រាសគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះ កាលពីថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ៧និង៥៥នាទីយប់ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៥ និង១៤៦ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ ឈឹម សារ៉ាត់ អាយុ ២៣ ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៩ ពាក់ស្លាកលេខ ស្វាយរៀង ១M-២៥៨១ ខូចខាតយ៉ាងដំណំ ។

ចំណែកអ្នកបើករថយន្តបង្កហេតុមាន ឈ្មោះ សេក សរុំ ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរមុខរបរបើកបររថយន្តតាក់ស៊ី មានទីលំនៅភូមិទាហានក្រោម សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរផងដែរ ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH០២៣២ ធ្វើដំណើរពីកើតទៅលិច លើកំណាត់ផ្លូវជាតិលេខ១ មិនប្រកាន់ស្ដាំ ស្រាប់តែមកដល់កន្លែងកើតហេតុខាងលើ ក៏បុកម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ ស្វាយរៀង 1M-2581 ជិះគ្នាម្នាក់ឯង ទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង ។

រីឯអ្នកបើកបររថយន្តរួមទាំងវត្តុតាងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រកម្ទេស ដើម្បីកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញ ខេត្តចាត់ការបន្ត ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖