ភ្នំពេញ៖ ផ្ទះលក់សម្ភារ បរិក្ខារ ជាច្រើនមុខ មួយកន្លែងមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២០០៤ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ដែលសាងសង់ខឿនមុខផ្ទះខ្ពស់ជាងគេខុសទ្រុងទ្រាយដើម ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាព ជាពិសេស បិទផ្លូវទឹកមិនឲ្យហូរចូលលូ ហើយត្រូវប្រជាពលរដ្ឋប្តឹងតាំងពីដើមខែមេសា ឆ្នាំ២០១៩ កន្លងទៅ ឥឡូវនេះ គណៈបញ្ជាការឯកភាពខណ្ឌបានចាត់វិធានការរដ្ឋបាលហើយដោយប្រើប្រាស់កម្លាំងវាយកម្ទេចចោល ។
ចំណាត់ការរដ្ឋបាលនេះបានធ្វើឡើង នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ដឹកនាំដោយលោកឆាយ វាសនា នាយក រដ្ឋបាល ខណ្ឌតំណាងលោកអភិបាលខណ្ឌ សែនសុខ និងមានការចូលរួមពីកម្លាំងសន្តិ សុខខណ្ឌ ព្រមទាំងមន្ត្រីជំនាញផងដែរ ។
សូមបញ្ជាក់ថាមុននឹងគណៈបញ្ជាការឯកភាពខណ្ឌប្រើប្រាស់កម្លាំងដើម្បីចាត់វិធានការរដ្ឋបាលចុះមកវាយកម្ទេចចោលនេះ រដ្ឋបាលខណ្ឌសែនសុខបានចុះមកណែនាំព្រមទាំងធ្វើកំណត់ហេតុឲ្យម្ចាស់ផ្ទះឈ្មោះហូ ជុងលី រុះរើខឿននៅមុខផ្ទះខ្លួនឡើងវិញ ព្រោះសាងសង់ខុសបច្ចេកទេស ដោយទុករយៈពេល១សប្តាហ៍ គិតចាប់តាំងពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ។
កំណត់ហេតុលើកទី១ ម្ចាស់ផ្ទះអត់អនុវត្តតាមនោះទេ ក្រោយមកលោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានចេញលិខិតមួយច្បាប់ទៀត តម្រូវឲ្យម្ចាស់ផ្ទះឈូសឆាយខឿន ដែលខ្ពស់នេះចេញពីលើផ្លូវសាធារណៈឲ្យបានទាបស្មើ និងក្បាលដីឡូត៍សងខាងឲ្យបានរួចរាលត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ផុតរយៈពេលនេះបើសិនម្ចាស់ផ្ទះមិនព្រមធ្វើការឈូសឆាយទេ រដ្ឋបាលខណ្ឌ និងធ្វើការឈូសឆាយ ហើយម្ចាស់ផ្ទះជាអ្នកចំណាយលើថ្លៃពលកម្មទាំងស្រុង ។
បន្ទាប់ពីកំណត់ឱសានវាទឲ្យម្ចាស់ផ្ទះឈូសឆាយខឿនដោយខ្លួនឯង ហើយម្ចាស់ផ្ទះមិនព្រមអនុវត្តរួចមកទើបនៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នេះ រដ្ឋបាលខណ្ឌសែនសុខចាត់វិធានការរដ្ឋបាលវាយកម្ទេចចោលតែម្តង តែសកម្មភាពចុះវាយកម្ទេចនោះធ្វើឡើងតែមួយកំណាត់ប៉ុណ្ណោះ ចំណែកខឿនមួយកំណាត់ទៀតដែលសាងសង់ខុសបច្ចេកទេសមិនត្រូវបានវាយចោលនោះទេ ធ្វើឲ្យប្រជាពលរដ្ឋមានចំងល់គ្រប់ៗគ្នា ។
ពាក់ព័ន្ធបញ្ហានេះ លោកម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានបញ្ជាក់ដូច្នេះថា អាជ្ញាធរធ្វើតាមត្រឹមតែដីកម្មសិទ្ធិរបស់រដ្ឋទេ គឺវាស់ពីអក័្សផ្លូវមកប្រវែង១៥ម៉ែត្រ បន្ទាប់ពីនោះគឺជាដីកម្មសិទ្ធរបស់បុគ្គល អាជ្ញាធរ មិនហ៊ានប៉ះពាល់នោះទេ ៕ សណ្តោស