គេរាយការណ៍ថា ប៉ុន្មានថ្ងៃជាប់ៗគ្នានេះ សកម្មភាពនៃការដឹកជញ្ជូនឈើចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ឆ្ពោះទៅតាមគោលដៅនានា មានសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់ ។ ក្រុមមន្ត្រីមានសមត្ថកិច្ចដាក់ប៉ុស្តិ៍គ្រប់គោលដៅតាមខ្សែផ្លូវ ដើម្បីយកប្រាក់ពីគោយន្តកែច្នៃ, រថយន្តហុកឡ និងការដឹកជញ្ជូនគ្រប់រូបភាពផ្សេងទៀត ។ កម្លាំងនគរបាលត្រូវបានបញ្ចេញអស់ពីអធិការដ្ឋាននគរបាលស្រុក ដើម្បីដាក់តាមដងផ្លូវ ចាំយកប្រាក់ពីអ្នកដឹកជញ្ជូនឈើ ។ រយៈពេលប៉ុន្មានថ្ងៃនេះវាក្លាយទៅជាយុទ្ធនាការដ៏សមប្រកបមួយ ដែលពួកឈ្មួញនិងអាជ្ញាធរ ហាក់ដូចជាបានយល់ចិត្តថ្លើមគ្នា ក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
ប្រភពបានឲ្យដឹងថា លោក សូ សាហុង អភិបាលស្រុកភ្នំក្រវាញ និងជាគណៈបញ្ជាការឯកភាពស្រុក រួមជាមួយលោក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ ជាអ្នកដែលបានបើកដៃឲ្យមានការដឹកជញ្ជូនឈើចេញពីក្នុងមូលដ្ឋានរបស់ខ្លួន ។ មន្ត្រីបរិស្ថាននៅក្នុងតំបន់អភិរក្សភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ ជាអ្នកបញ្ចេញឈើពីក្នុង រីឯគណៈបញ្ជាការឯកភាពស្រុក ជាអ្នកសម្របសម្រួលតាមផ្លូវ ។ មន្ត្រីមានសមត្ថកិច្ចស្រុកភ្នំក្រវាញ ជាអ្នកពង្រាយកម្លាំងនៅគ្រប់ច្រកល្ហក នៃផ្លូវដែលគេដឹងថា មានចរាចរឈើចេញ ។ វាក្លាយទៅជា ការដឹកជញ្ជូនទំនិញស្របច្បាប់សម្រាប់ការរកស៊ីឈើនៅក្នុងស្រុកភ្នំក្រវាញ ។ ទាំងអាជ្ញាធរ ទាំងមន្ត្រីបរិស្ថាន និងពួកឈ្មួញរកស៊ី សហការគ្នា យ៉ាងស្អិតល្មួតក្នុងការសម្រុកដឹកឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។
មន្ត្រីបរិស្ថានឈ្មោះ ភាព ជាអ្នកដែលបើកដៃឲ្យពួកឈ្មួញដឹកឈើចេញពីតំបន់ការពារ ។ ជាក់ស្តែង ចែភក្តិ គឹជាជើងខ្លាំងក្នុងការដឹកជញ្ជូនឈើចេញពីតំបន់ការពារ ដោយមានមន្ត្រីក្នុងមូលដ្ឋានខាងលើនេះជាអ្នកសម្របសម្រួល ។ ចេញផុតពីតំបន់ការពារ គ្រប់គ្រងដោយមន្ត្រីបរិស្ថាន គឹជាដែនសមត្ថកិច្ចរបស់លោក សូ សាហុង ជាអភិបាលស្រុកវិញម្តង ។ លោកអភិបាលស្រុក ត្រូវរ៉ូវជាមួយពួកឈ្មួញ រួមមាន ចែ ភក្តិ ផងដែរ ទើបពួកឈ្មួញអាចរកស៊ី បានដោយសប្បាយរីករាយ ។ ករណីនេះ គេកត់សម្គាល់ឃើញថា បទល្មើស នៃការដឹកជញ្ជូនឈើកំពុងមានការប្រកួតប្រជែងគ្នាខ្លាំងនៃក្រុមពួកឈ្មួញ ក្នុងស្រុកភ្នំក្រវាញ ។ ចែភក្តី ត្រូវគេមើលឃើញថា គឺជាជននាំមុខគេក្នុងរបរខុសច្បាប់ប្រទេសមួយនេះ ។ ប៉ុន្តែសម្រាប់អាជ្ញាធរស្រុកភ្នំក្រវាញ ក៏ដូចជាមន្ត្រីបរិស្ថាន បែរជាកំពុងហែកគ្នាស៊ី ក្នុងផលប្រយោជន៍ដែលបានមកពីបទល្មើសនេះ ៕