ព័ត៌មានទាន់ហេតុការណ៍៖

អ្នកភូមិឃាត់ខ្លួនជនសង្ស័យម្នាក់ ប្រគល់ឲ្យសមត្ថកិច្ចករណីធ្វើកម្មភាពលួចកាត់សោ បំពុលឆ្កែយកម៉ូតូ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានពាក់ពន្ធ័ករណីធ្វើកម្មភាពលួចកាត់សោ បំពុលឆ្កែយកម៉ូតូបន្ទប់ក្រោមផ្ទះ តែមិនបានសម្រេច ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានមានឈ្មោះ ជុន សំណាង អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រាំកក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀត ដែលរត់គេចខ្លួនមានឈ្មោះ នី ភេទប្រុស អាយុ ប្រហែល៣៣ឆ្នាំ មានទីលំនៅមិនពិតប្រាកដ បានជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ ។

ប្រភពបន្តថា ចំណែកម្ចាស់ម៉ូតូមានឈ្មោះ សៅ សារិទ្ទ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបានបន្ថែមថា ករណីលួចនេះ ត្រូវបានម្ចាស់ផ្ទះ និងកម្លាំងប្រជាការពារភូមិទាន់កំពុងធ្វើសកម្មភាពកាត់សោ និងបានចាប់ជាប់ជនសង្ស័យម្នាក់ និងម្នាក់ទៀតបានជិះម៉ូតូបើកគេចខ្លួនបាត់ ។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការនគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖