ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធម្មការនឹងស៊ើបអង្កេតចៅអធិការវត្តពោធិ៍ចិនតុងដេកឱបស្រីថតសែលហ្វុីបង្ហោះហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ ៖ នៅលើបណ្ដាញហ្វេសប៊ុក ប៉ុន្មានថ្ងៃនេះមានការបង្ហោះរូបភាពចៅ​អធិការវត្តពោធិ៍ចិនតុងដេកជាមួយស្រី ស្រស់ ហើយថតរូបសែលហ្វុី បង្ហាញទឹកមុខស្រស់ប៉ប្រិមនៅមុខកាមេរ៉ា ធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តក្ដៅក្រហាយដេកមិនលក់ ចង់ដឹងរឿងនេះ ថាតើពិត ឬក្លែងក្លាយ?

លោក សេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងថា ក្រសួងបានចាត់មន្ត្រីឲ្យបើកការស៊ើបអង្កេត​ករណីចៅអធិការវត្តពោធិ៍ចិនតុងហើយ តើពិតជាមានរឿងបែបនេះ កើតឡើង ឬយ៉ាងណានោះ ?

ព្រះតេជព្រះគុណ វ៉ាន វន្នី ចៅអធិការវត្ត​ ពោធិ៍ចិនតុង ខណ្ឌពោធិសែនជ័យ រាជ​ធានី​ភ្នំពេញ កំពុងល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាព​ដេកជាមួយស្រី ដែលធ្វើឲ្យអាប់ឱនដល់​តម្លៃ ព្រះពុទ្ធសាសនា។

មហាជនបានរិះគន់យ៉ាងខ្លាំងក្លាជុំវិញបញ្ហានេះ ដែលខ្លួនជាព្រះសង្ឃ មិនគួរ​ប្រព្រឹត្តអំពើអសីលធម៌ បែបនេះសោះ។ នេះមិនមែនជាលើកទី១ ទេសម្រាប់រឿងរ៉ាវ របស់សង្ឃទ្រុស្តសីលមួយចំនួន។

លើកនេះ សង្ឃឹមថា ក្រសួងធម្មការ និង​សាសនា នឹងមានវិធានការឲ្យបានតឹង រ៉ឹងបំផុតចំពោះ ព្រះចៅអធិការវត្តពោធិចិនតុងរូបនេះ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះប្រភពចែកចាយបណ្តាញសង្គមហ្វេស​ប៊ុក បាន បង្ហោះបែកធ្លាយរូបនៅលើគ្រែជាមួយស្រីកំណាន់ជាច្រើនសន្លឹក របស់ចៅអធិការ​វត្តដ៏ល្បីល្បាញគឺ វត្តពោធិចិនតុង ដែល​ស្ថិតនៅក្នុងភូមិប៉ប្រកខាង​ជើង សង្កាត់​កាកាបទី១ ខណ្ឌពោធិសែន​ជ័យ រាជធានី​ភ្នំពេញ ដែលកំពុងផ្ទុះកក្រើកពេញនៅ​សង្គមហ្វេសប៊ុក។

ពុទ្ធបរិស័ទនឹកហួសចិត្តចំពោះចៅអធិការវត្តពោធិចិនតុងព្រះនាម ភិក្ខុ វ៉ាន វន្នី ដែលបាន​ប្រព្រឹត្ត​ខុសវិន័យ ចាកសិក្ខាបទ ដែលលួច​លាក់ចិញ្ចឹមរួមរស់ រួមរ័ក​រស់នៅ​មួយជា​ស្រី ធ្វើ​ឲ្យប្រជាពលរដ្ឋសម្តែងការ​អស់ជំនឿទៅលើបុគ្គលសង្ឃមួយចំនួន​ដែលតែងតែ ជាន់ពន្លិចព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ។

ពុទ្ធបរិស័ទចំណុះជើង វត្តពោធិចិនតុង បានទទូចនិងស្នើសុំឲ្យអាជ្ញាធរចាត់វិធានការផ្សឹកចៅអធិការវត្ត វ៉ាន វន្នី រូបនេះ និងព្រះសង្ឃខិលខូចដទៃទៀតដើម្បីពង្រឹងឲ្យសាសនា​ពណ្ណារាយឡើងវិញ៕ ហេង នរិន្ទ្រ


ចែករំលែក៖