ភ្នំពេញ ៖ នៅលើបណ្ដាញហ្វេសប៊ុក ប៉ុន្មានថ្ងៃនេះមានការបង្ហោះរូបភាពចៅអធិការវត្តពោធិ៍ចិនតុងដេកជាមួយស្រី ស្រស់ ហើយថតរូបសែលហ្វុី បង្ហាញទឹកមុខស្រស់ប៉ប្រិមនៅមុខកាមេរ៉ា ធ្វើឲ្យពុទ្ធបរិស័ទចំណុះជើងវត្តក្ដៅក្រហាយដេកមិនលក់ ចង់ដឹងរឿងនេះ ថាតើពិត ឬក្លែងក្លាយ?
លោក សេង សុមុនី អ្នកនាំពាក្យក្រសួង ធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ បានថ្លែងថា ក្រសួងបានចាត់មន្ត្រីឲ្យបើកការស៊ើបអង្កេតករណីចៅអធិការវត្តពោធិ៍ចិនតុងហើយ តើពិតជាមានរឿងបែបនេះ កើតឡើង ឬយ៉ាងណានោះ ?
ព្រះតេជព្រះគុណ វ៉ាន វន្នី ចៅអធិការវត្ត ពោធិ៍ចិនតុង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កំពុងល្បីខ្ទរខ្ទារពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយបែកធ្លាយរូបភាពដេកជាមួយស្រី ដែលធ្វើឲ្យអាប់ឱនដល់តម្លៃ ព្រះពុទ្ធសាសនា។
មហាជនបានរិះគន់យ៉ាងខ្លាំងក្លាជុំវិញបញ្ហានេះ ដែលខ្លួនជាព្រះសង្ឃ មិនគួរប្រព្រឹត្តអំពើអសីលធម៌ បែបនេះសោះ។ នេះមិនមែនជាលើកទី១ ទេសម្រាប់រឿងរ៉ាវ របស់សង្ឃទ្រុស្តសីលមួយចំនួន។
លើកនេះ សង្ឃឹមថា ក្រសួងធម្មការ និងសាសនា នឹងមានវិធានការឲ្យបានតឹង រ៉ឹងបំផុតចំពោះ ព្រះចៅអធិការវត្តពោធិចិនតុងរូបនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះប្រភពចែកចាយបណ្តាញសង្គមហ្វេសប៊ុក បាន បង្ហោះបែកធ្លាយរូបនៅលើគ្រែជាមួយស្រីកំណាន់ជាច្រើនសន្លឹក របស់ចៅអធិការវត្តដ៏ល្បីល្បាញគឺ វត្តពោធិចិនតុង ដែលស្ថិតនៅក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដែលកំពុងផ្ទុះកក្រើកពេញនៅសង្គមហ្វេសប៊ុក។
ពុទ្ធបរិស័ទនឹកហួសចិត្តចំពោះចៅអធិការវត្តពោធិចិនតុងព្រះនាម ភិក្ខុ វ៉ាន វន្នី ដែលបានប្រព្រឹត្តខុសវិន័យ ចាកសិក្ខាបទ ដែលលួចលាក់ចិញ្ចឹមរួមរស់ រួមរ័ករស់នៅមួយជាស្រី ធ្វើឲ្យប្រជាពលរដ្ឋសម្តែងការអស់ជំនឿទៅលើបុគ្គលសង្ឃមួយចំនួនដែលតែងតែ ជាន់ពន្លិចព្រះពុទ្ធសាសនាជាបន្តបន្ទាប់ ។
ពុទ្ធបរិស័ទចំណុះជើង វត្តពោធិចិនតុង បានទទូចនិងស្នើសុំឲ្យអាជ្ញាធរចាត់វិធានការផ្សឹកចៅអធិការវត្ត វ៉ាន វន្នី រូបនេះ និងព្រះសង្ឃខិលខូចដទៃទៀតដើម្បីពង្រឹងឲ្យសាសនាពណ្ណារាយឡើងវិញ៕ ហេង នរិន្ទ្រ