ខេត្តព្រះសីហនុ៖ ពិតជាទឹកដោះម្តាយថ្លៃ និងមិនខុសពាក្យចាស់ពោលថា ជីវិតមិនអស់មិនស្លាប់ ពោលគឺថ្លាថ្លែងមិនចេញនូវក្តីរំភើបហួសពីការស្មាន ដែលជនរងគ្រោះនៃឧបទ្ទវហេតុបាក់រលំអគារ៧ជាន់២នាក់ចុងក្រោយគេ ដែលក្រុមប្រតិបត្តិការជួយសង្រ្គោះ បានជួយសង្រ្គោះកាលពីរសៀលថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៩ ដោយយកចេញពីក្រោមគំនរអគារបែកបាក់ជាប់ជិត៣ថ្ងៃអត់បាយក្រហាយទឹក និងរងរបួសផងនោះ ខណៈដែលក្រុមគ្រួសារឪពុកម្តាយមកពីស្រុកកំណើតអស់សង្ឃឹម បានរៀបចំធ្វើរោងបុណ្យសពកូនទៅហើយនោះ បែរជាកូននៅមានជីវិតនៅឡើយ ។
ប្រភពពីខេត្តព្រះសីហនុ បានឲ្យដឹងថាជនរងគ្រោះទាំងពីរនាក់ដែលក្រុមប្រតិបត្តិការជួយសង្រ្គោះចុងក្រោយ មានឈ្មោះ រស់ ស៊ីថា អាយុ៤០ឆ្នាំ មានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងទី២៖ ឈ្មោះ កាក់ គា អាយុ១៨ឆ្នាំ មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលត្រូវបានក្រុមប្រតិបត្តិការសង្គ្រោះទាញយកចេញពីគំនរបែកបាក់អគារ កាលពីរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ខណៈឪពុកបានធ្វើដំណើរទៅដល់ខេត្តព្រះសីហនុហើយ ដើម្បីរង់ចាំយកសពកូនទៅធ្វើបុណ្យនៅស្រុកកំណើត ប៉ុន្តែបែរជាកូននៅមានជីវិត។
ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះទាំងពីរចុងក្រោយនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបត្ថម្ភថវិកាចំនួន៣ម៉ឹនដុល្លារម្នាក់ តាមរយៈលោក សេង ទៀង ប្រគល់ជូននៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ រួចហើយ។
ក្នុងសកម្មភាពនេះ ជនរងគ្រោះទាំងពីរនាក់ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ប្រពៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាត់ចែងជួយសង្រ្គោះពួកគាត់ទាំងពីរនាក់ទាំងកម្លាំងកាយចិត្ត និងជួយឧបត្ថម្ភថវិកាទៀត។ ពួកគាត់ទាំងពីរនាក់បានគោរពជូនពរសម្តេចតេជោសូមប្រកបដោយសុខភាពល្អ និងអាយុយឺនយូរ ។
ជនរងគ្រោះទាំង២នាក់ខាងលើ ក្រោយពីបានជួយសង្រ្គោះចេញពីគំនរបែកបាក់អគារភ្លាមៗ សម្តេចតេជោ ហ៊ុន សែន ដែលកំពុងមានវត្តមានដឹកនាំ បញ្ជាផ្ទាល់នៅទីនោះ បានអញ្ជើញចូលទៅក្នុងរថយន្តសង្រ្គោះបន្ទាន់ ដើម្បីសាកសួរសុខទុក្ខដោយផ្ទាល់ចំពោះជនរងគ្រោះទាំងពីរនាក់ និងបានឲ្យក្រុមគ្រូពេទ្យចាត់ចែងបញ្ចូន ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្រ្គោះ៕ ប្រាថ្នា