ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានទំនាស់ជាមួយប្រពន្ធ យកបង្វិចមកនៅផ្ទះម្ដាយ ខណៈម្ដាយសួរនាំខឹងយកកាំបិតខ្វេវកាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះខូចខាតអស់មួយចំនួន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ សង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួនឯង យកបង្វិចមកនៅផ្ទះម្ដាយបង្កើត ខណៈម្ដាយសួរនាំ បែជាខឹងស្ទុះទៅយកកាំបិតខ្វេវកាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះរបស់ម្ដាយខ្លួនឯង បណ្ដាលឲ្យខូចខាតអស់មួយចំនួនធំ ។ ករណីនេះ បានកើឡើងនៅវេលាម៉ោង១៦និង១០នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យថា ជនសង្ស័យឈ្មោះ វិន ទិត្យ ហៅបាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រីឯស្រ្ដីរងគ្រោះឈ្មោះ ឃិន សុខថេន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកឯវត្ថុតាងចាប់យកបានមានពូថៅដងឈើចំនួន១ រីឯទ្រព្យសម្បត្ដិខូចខាតមាន៖ បែកកញ្ចក់ទ្វារផ្ទះ១ផ្ទាំង ,បែកកញ្ចក់បង្អួច១ផ្ទាំង ,ធុងទឹកកកចំនួន១ ,បែកកញ្ចក់ និងក្បាំងម៉ូតូ១គ្រឿង ។

ប្រភពដដែលបន្ដថា កន្លងមកជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយខ្លួនឯងច្រើនលើកច្រើនសារមកហើយ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញធ្លាប់ហៅទៅអប់រំណែនាំផងដែរ។ លុះមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៦ ជនសង្ស័យបានយកបង្វិចខោអាវពីផ្ទះប្រពន្ធ ទៅទុកនៅផ្ទះម្ដាយជាស្រ្ដីរងគ្រោះ ដោយមានងឿងឆ្លល់ក៏ធ្វើការសួរនាំ ភ្លាមនោះបែជាជនសង្ស័យជាកូនខឹង រួចនិយាយថា ម៉េចផ្ទះហ្នឹង អញនៅអត់បាន អាណាខ្លាំង អញកាប់ឲ្យខ្ទេច ភ្លាមនោះក៍ស្ទុះទៅយកកាំបិតខ្វែវមកកាប់ម៉ូតូ របស់ជនរងគ្រោះជាម្ដាយ បណ្តាលឲ្យបែកក្បាំង និងផ្នែកខាងក្រោយ រួចយកកូនពូថៅដៃ ទៅវាយបំបែក ទ្វារ បង្អួចផ្ទះបែកខ្ទេចអស់ថែមទៀត ដោយម្ដាយទ្រាំពុំបាននូវទង្វើរបស់កូន ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែកអញ្ចាញដើម្បីចាត់ការតាមច្បាប់ ។

ក្រោយពីកម្លាំងនគរបាលទទួលបានពាក្យបណ្ដឹងពីស្រ្ដីរងគ្រោះរួច ភ្លាមនោះ ក៏ចុះដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿងចាត់ការតាមតាមច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖