នៅពេលនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាន បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះប្រទេសអ៊ីរ៉ង់ជាលើដំបូង ថា ជាអ្នកវាយប្រហារទៅលើនាវាដឹកប្រេង។ កន្លងមក អង្គការសហប្រជាជាតិមិនបានបញ្ជាក់ថាប្រទេសណាជាអ្នកវាយប្រហារនោះឡើយ ប៉ុន្តែពេលនេះ បានចោទសំដៅទៅលើអ៊ីរ៉ង់តែម្តងជារឿងគួរឲ្យបារម្ភបំផុត ។
សកម្មភាពខាងលើរបស់អង្គការសហប្រជាជាតិក្រោមឥទ្ធិពលរបស់អាមេរិក អាច ជំរុញឲ្យអាមេរិក និងសម្ពន្ធមិត្ត វាយប្រហារ ទៅលើអ៊ីរ៉ង់នាពេលខាងមុខ ប្រសិនបើ មានយន្តហោះអាមេរិក ឬនាវាដឹកប្រេងរងការវាយប្រហារជាបន្តទៀតនោះ។
ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារមួយនៅឯស្នាក់ការកណ្តាលរបស់ខ្លួន ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ពិភាក្សាអំពីការវាយប្រហារនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់ ហើយនិងការបាញ់ទម្លាក់យន្តហោះស៊ើបការណ៍គ្មានមនុស្សបើករបស់កម្លាំងជើងទឹកអាមេរិកពីសំណាក់អ៊ីរ៉ង់ ។ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ ស្នើឲ្យមានកិច្ចប្រជុំពិភាក្សានេះ ។
លោក Mansour Al-Otaibi ឯកអគ្គរដ្ឋទូតគុយវ៉េត ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអាណត្តិវិលជុំក្នុងខែមិថុនានេះ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់នោះថា ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការធ្វើនាវាចរអន្តរជាតិ និងសន្តិសុខអន្តរជាតិ ។
លោក Mansour Al-Otaibiបានថ្លែងកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ថា សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសការវាយប្រហារនាវាដឹកប្រេងទាំងនោះ ដែលជាការបង្ហាញឲ្យឃើញពីការគំរាមកំហែងធ្ងន់ធ្ងរការធ្វើនាវាចរ និងការផ្គត់ផ្គង់ថាមពល, ផ្ទុយពីច្បាប់ទម្លាប់អន្តរជាតិស្តីអំពីសេរីភាពការធ្វើនាវាចរ និងការដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងជាការគំរាមកំហែងដល់សន្តិសុខ សន្តិភាពអន្តរជាតិផងដែរ ។
គួររំលឹកថា នាវាដឹកប្រេង២គ្រឿងរបស់ក្រុមហ៊ុន Kokuka Courageous របស់ប្រទេសប៉ាណាម៉ា ប្រតិបត្តិដោយក្រុមហ៊ុនជប៉ុន Kokuka SangyoCo មួយគ្រឿង និងនាវា Front Altair បំពាក់ទង់ជាតិរបស់ប្រទេស Marshall Islands គ្រប់គ្រងដោយក្រុមហ៊ុន Frontline របស់ប្រទេស ន័រវ៉ែសមួយគ្រឿងទៀត បានត្រូវភ្លើងឆេះនៅឈូងសមុទ្រអូម៉ង់ ។ អាមេរិក អារ៉ាប៊ីសាអ៊ូឌីត និងអង់គ្លេស រួមជាមួយប្រទេសផ្សេងទៀត បានបន្ទោសទៅលើអ៊ីរ៉ង់ភ្លាមៗថា ជាអ្នកបាញ់ប្រហារ ៕