ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាបានឲ្យដឹងថា នារសៀលថ្ងៃអាទិត្យ ៦រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ សពលោក តុន ទីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ហើយបានចំណាកស្រុកទៅធ្វើការ(សំណង់)នៅខេត្តព្រះសីហនុ ជួបគ្រោះថ្នាក់ស្រុតរលំអគារបណ្ដាល(ស្លាប់) បានមកដល់ភូមិស្រុកកំណើតហើយ ។
លោក វរសេនីយ៍ឯក នាង វុធ អធិការនគរបាលបន្តថា ជនរងគ្រោះក្នុងឧបទ្ទវហេតុស្រុតរលំអគារនៅ(ខេត្តព្រហសីហនុ) ជនរងគ្រោះ(ស្លាប់) និងរបួសស្រាលធ្ងន់ នៅភូមិចិនតាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មានចំនួន ០៦នាក់ ទី១ ឈ្មោះ តុន ទីម ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ(ស្លាប់) ទី២ ឈ្មោះ ខុម សុខន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ(ធ្ងន់) ទី៣ ឈ្មោះ អ៊ុង នាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(ស្រាល) ទី៤ ឈ្មោះ អីម ចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ(ស្រាល) ទី៥ ឈ្មោះ វែន សែន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ(ស្រាល) និងទី៦ ឈ្មោះ ឡូ ប៊ុនធឿន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ(ស្រាល) ជនរងរបួសស្រាលធ្ងន់ទាំងចំនួន ៥នាក់ សម្រាកព្យាបាលនៅខេត្តព្រះសីហនុនៅឡើយ ។
លោក អធិការបន្តទៀតថា បុណ្យសពលោក តុន ទីម ដោយអញ្ជើញចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្តកិច្ចមូលដ្ឋាន ប្រតិភូគ្រប់លំដាប់ថ្នាក់យ៉ាងច្រើនកុះករ ប្រតិភូថ្នាក់ជាតិ៖ ដឹកនាំដោយលោក សុខ ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៍ខ្ពង់ខ្ពស់លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំយកថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមបុណ្យសពចំនួន ៤០.០០០.០០០លានរៀល ។
ប្រតិភូកាកបាទក្រហមកម្ពុជា ថ្នាក់កណ្ដាល ដឹកនាំដោយលោក ជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានបាទក្រហមកម្ពុជា បាននាំថវិកា និងសម្ភារ ចូលរួមបុណ្យសពរួមមាន ថវិកាចំនួន ៥.០០០.០០០រៀល អង្កចំនួន ១២០គីឡូក្រាម មីយើងចំនួន ៥កេះ ទឹកក្រូចចំនួន ៥កេះ និងត្រីខផងដែរ។ ប្រតិភូថ្នាក់ខេត្ត ដឹកនាំដោយលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បាននាំថវិកា និងសម្ភារៈ។ល។ និងប្រតិភូថ្នាក់ស្រុក ដឹកនាំដោយលោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន បានថវិកា និងសម្ភារៈមួយចំនួនទៀតផងដែរ ថវិកាចូលរួមសរុបចំនួន ៤៦.៤១០.០០០លានរៀល រួមសម្ភារៈប្រើប្រាស់ផ្សេងៗទៀត ៕ បុឹម ពិន