រដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេច ធ្វើតាមការចង់បានរបស់អាមេរិក គឺទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់ ដើម្បីបញ្ចៀសការដំឡើងពន្ធ ៥ភាគរយ អាចធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ។
នៅពេលនេះ រដ្ឋាភិបាលម៉ិកស៊ីក បានសម្រេច បញ្ជូនកម្លាំងទាហានបន្ថែម១៥០០០នាក់ ទៅកាន់ព្រំដែនជាប់អាមេរិក ដើម្បីទប់ស្កាត់ជនភៀសខ្លួនខុសច្បាប់។ សកម្មភាពខាងលើរបស់ម៉ិកស៊ីក បានកើតឡើង ក្រោយរងគំនាបយ៉ាងខ្លាំងពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីក្រសួងការពារជាតិម៉ិកស៊ីក លោក Luis Sandoval កាលពីថ្ងៃទី២៤ ខែមិថុនា បានប្រកាសថា ទាហាន១៥ពាន់នាក់ ត្រូវបានរដ្ឋាភិបាលបញ្ជូនទៅកាន់ព្រំដែន រវាងប្រទេសម៉ិកស៊ិក -អាមេរិក។ នៅក្នុងសន្និសីទកាសែត ក្នុងទីក្រុង Cancun លោក Sandoval បានទទួលស្គាល់ថា កម្លាំងទាហានរបស់ខ្លួនមានសិទ្ធិ ចាប់ជនភៀសខ្លួន ឆ្លងដែន ដោយខុសច្បាប់។
ដោយសារតែរងគំនាបពីរដ្ឋាភិបាលអាមេរិក យ៉ាងខ្លាំងបែបនេះ ទើបរដ្ឋាភិបាលម៉ិកស៊ីកសម្រេចចិត្តបង្កើនសកម្មភាពការពារព្រំដែន ទប់ស្កាត់ជនភៀសខ្លួន មកពីតំបន់អាមេរិកខាងត្បូង អាមេរិកកណ្តាល ឆ្លងកាត់ទឹកដីរបស់ខ្លួន ចូលទៅកាន់ប្រទេសអាមេរិក។
បច្ចុប្បន្ន រដ្ឋាភិបាលម៉ិកស៊ីក បានដាក់ទាហានប្រហែល៤៥០០នាក់ ពង្រាយការពារព្រំដែន ប៉ុន្តែនៅតែមិនអាចទប់ស្កាត់ជនអន្ដោប្រវេសន៍បានឡើយ ទើបរដ្ឋាភិបាលបញ្ជូនទាហានបន្ថែមចំនួន១៥ពាន់នាក់ទៀត។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទុកពេលឲ្យរដ្ឋាភិបាលម៉ិកស៊ីក រយៈពេល៤៥ថ្ងៃ ក្នុងការទប់ស្កាត់ជនភៀសខ្លួន ឆ្លងដែនចូលទៅកាន់ទឹកដីអាមេរិក។ ប៉ុន្ដែប្រសិនបើ រដ្ឋាភិបាលម៉ិកស៊ីក មិនអាចទប់ស្កាត់បានទេ ម៉ិកស៊ីកនឹងទទួលរងការដំឡើងពន្ធ លើគ្រប់ទំនិញ នាំចូលទៅកាន់ទឹកដីអាមេរិក ៕