ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្លាប់ដោយបែកមុខមាត់សមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅលើគ្រែលក់ដូរក្នុបរិវេណសាលារៀន អនុវិទ្យាល័យត្នោតជុំ ដោយសមត្ថកិច្ចសន្និដ្ឋានថា ជាអំពើឃាតកម្មកើតឡើងកាលពីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិត្នោតជុំទី១ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមមន្រ្ដីប៉ុស្តិ៍រដ្ឋបាលឃុំត្នោតជុំបានឲ្យដឹងថា ក្រោយទទួលបណ្តឹងកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែ មិថុនាឆ្នាំ២០១៩ ពីប្រជាពលរដ្ឋលក់ដូរនៅទីនោះថា មានមនុស្សស្លាប់ ទើបកំលាំងជំនាញខេត្ត និងស្រុកបានចុះទៅស្រាវជ្រាវពិនិត្យដល់កន្លែងកើតហេតុ សពមានឈ្មោះ ឌី បួន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។

តាមស្ថានភាពសាកសព ស្លាប់នៅលើគ្រែលក់ដូរ ក្នុងបរិវេនសាលាអនុវិទ្យាល័យ ស្លាប់ផ្កាប់មុខ ក្បាលទៅទិសខាងលិចឈាងខាជើង ស្លៀកខោខៅប៊យ ពណ៌ខៀវ ពាក់អាវយឺត ដោយមានស្ថានភាពរបួស ចំនួន៣ កន្លែង ១ – បែកលលាដ៍ក្បាលខាងលើ ផ្នែកខាងស្តាំ ២- បែកមាត់ និងបាក់ឆ្មេញ ៣- ជាំភ្នែកខាងស្តាំ ។

តាមដំណើររឿងនៅវេលាម៉ោងប្រហែល១៧ ល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះបានជិះម៉ូតូជាមួយ និងឈ្មោះចាន់ថេង ទៅផឹកសីុនៅផ្ទះឈ្មោះ អឹម ធា នៅភូមិលាវ ឃុំប្រាសាទស្រុកសន្ទុក ពេលកំពុងផឹកជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនឯង យកទៅឲ្យសង្សារ ឈ្មោះសែម វណ្ណនីសារ ហើយខ្លួនក៏ត្រឡប់មកផឹកវិញ ផឹករហូតដល់ម៉ោងប្រហែល២០ និង០០នាទីទើបសង្សារជនរងគ្រោះជិះម៉ូតូមកឲ្យវិញ ដោយមានគ្នា២នាក់ស្រីៗ មកយកជនរងគ្រោះដែលកំពុងផឹក ហើយពេលនោះ ជនរងគ្រោះក៏បានជិះម៉ូតូ ឌុបនារីទាំង២នាក់ចេញទៅបាត់រហូត ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះផឹកសីុមានគ្នាទាំងអស់ចំនួន០៨នាក់ៈ_១-ឈ្មោះ អឹម ធា នៅភូមិលាវ ជាម្ចាស់ផ្ទះ _២-ឈ្មោះ សូត្រ ជាកូនម្ចាស់ផ្ទះ_៣-ឈ្មោះ ពែក ជាកូនម្ចាស់ផ្ទះ_ ៤-ឈ្មោះ ចាន់ ថេង អ្នកភូមិត្នោតជំទី៥_ ៥-ឈ្មោះ ចាន់ អ្នកភូមិ ត្នោតជំុទី៥_ ៦-ឈ្មោះ ហ៊ា_ ៧-ឈ្មោះ អ៊ុក មួន ។

សមត្ថកិច្ចបានសន្និដ្ឋានថា ករណីខាងលើនេះ ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម ។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ។ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី

 


ចែករំលែក៖