ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរស្រុកបាភ្នំឲ្យឈ្មួញជីកដីលក់យកលុយក្រោមលេសស្តារស្រះបុរាណ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ដីស្រះបុរាណមួយកន្លែង ដែលមានទំហំជាង១ហិកតា ស្ថិតនៅជាប់ ជើងភ្នំឈើកាច់ ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ឈ្មួញជីកយក អាចម៍ដីលក់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ដោយ​គ​េអះអាងថា អាជ្ញាធរស្រុកជាអ្នកឲ្យជីកដើម្បីស្តារស្រះ។

ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការមួយចំនួននៅក្នុងស្រុកបាភ្នំ បានឲ្យដឹងថា គ្រឿងចក្រដែលកំពុងធ្វើសកម្មភាពជីកយកអាចម៍ដីនៅក្នុងស្រះបុរាណនេះ គឺជារបស់ ឈ្មួញឈ្មោះ ហៃ ជាអ្នករកស៊ីដឹកដីលក់នៅក្នុងស្រុកបាភ្នំ។ ចំណែកអាចម៍ដីដែលគេជីកស្តារស្រះនេះ គឺគេយកទៅធ្វើផ្លូវ ចំនួន៣ខ្សែនៅក្នុងឃុំចំនួន៣ គឺឃុំជើងភ្នំ ឃុំ​ឈើកាច់ និងឃុំបឹងព្រះ ព្រមទាំងលក់ ទៅឲ្យអ្នកស្រុក ដែលត្រូវការចាក់ដីបំពេញដីភូមិរបស់ខ្លួនជាដើម ហើយលុយដែល បានពីការលក់អាចម៍ដីស្តារស្រះនេះ គឺ គេចែកជា​២ចំណែក ខាងឈ្មួញបាន៧០ ភាគរយ និងអាជ្ញាធរស្រុកបាន៣០ភាគ រយ។

ពាក់ពន្ធ័ទៅលើការធ្វើផ្លូវទាំង៣ខ្សែ នៅក្នុងឃុំទាំង៣ខាងលើ ត្រូវបានក្រុម ឈ្មួញដែលរកស៊ីដេញថ្លៃធ្វើផ្លូវ គំរោង មូលនិធិឃុំ​សង្កាត់ បានបង្ហើបឲ្យដឹងថា ផ្លូវទាំង៣​ខ្សែនេះពេលដាក់ដេញថ្លៃ គឺក្រុមហ៊ុន ឃឹម ភឿន ជាអ្នកដេញបានទេ ក្នុងតម្លៃជាង​៣០០​លានរៀល ប៉ុន្តែដោយក្រុមហ៊ុននេះមានតែឈ្មោះ អត់មានគ្រឿង ចក្រធ្វើ ក៏​បានលក់គំរោងនេះបន្ត មកឲ្យ ឈ្មួញឈ្មោះ ហៃ ជាអ្នកធ្វើផ្ទាល់។ រីឯការ ជួសជុលធ្វើផ្លូវ​នេះ តាមគំរោងគឺតម្រូវឲ្យឈូសឆាយត្រាស់សេផ្លូវឲ្យស្អាត រួចចាក់ដី សកម្រាស់​១ម៉ែត្រ ទើបចាក់ដីខ្សាច់ភ្នំពីលើ ហើយនៅអមសងខាងផ្លូវត្រូវដាំស្មៅផងដែរ។ ប៉ុន្តែការធ្វើ​ជាក់​ស្តែង ផ្លូវទាំង៣ខ្សែ នេះ គេធ្វើមិនបានត្រឹមត្រូវតាមស្តង់ដារនោះទេ ទី១គឺអត់​ចាក់ដីសនោះទេ ត្រាស់សេផ្លូវរួចចាក់ខ្សាច់យកតែម្តង ធ្វើបែបនេះគេចំណេញថ្លៃដីសបានជាង៣ម៉ឺនដុល្លារ។

ទី២ខ្សាច់ភ្នំដែលគេយកមកចាក់នោះ គឺគេយកអាចម៍ដីស្តារស្រះ ដែលជាប្រភេទដីខ្មៅគ្មានគុណភាពមកចាក់ធ្វើ ដីប្រភេទ នេះមិនជាប់បានយូរនោះទេ។ ទី៣ គេ ពុំមានដាំស្មៅនៅតាមជើងទេរ អមសង ខាងផ្លូវឡើយ។

សរុបមកការធ្វើផ្លូវទាំង៣ខ្សែនេះ គេអាច ចំណេញបានមិនក្រោម២០០ លាន រៀលនោះទេ តាមរយៈការធ្វើកិប កេងទាំងបរិមាណនិងគុណភាពបែបនេះ។ ទោះជា យ៉ាងណាក៏ដោយ គេអាចធ្វើបែប នេះបាន ដោយសារតែមានការត្រូវរ៉ូវគ្នាជាប្រពន្ធ័ ជាមួយមន្រ្តីបច្ចេកទេស តាំងពីថ្នាក់ឃុំស្រុករហូតដល់ខេត្ត។

ចំណែកការស្តារស្រះបុរាណឯណោះ វិញ ត្រូវបានគេបង្ហើបឲ្យដឹងថា អាជ្ញាធរ ស្រុកបាភ្នំ បានធ្វើសំណើរស្នើសុំទៅស្ថាប័នពាក់ពន្ធ័អស់ហើយ គឺទាំងមន្ទីររ៉ែនិង ថាមពលខេត្ត មន្ទីរវប្បធម៌ខេត្ត រដ្ឋបាល​ខេត្ត និងក្រសួងវប្បធម៌ផងដែរ ដោយ​គោល​បំណងនៃការស្នើសុំស្តារស្រះបុរាណនេះ ដើម្បីបានប្រភពទឹកប្រើប្រាស់ផង និងការពារស្រះបុរាណកុំឲ្យបាត់បង់ផងដែរ។

ទោះជាយ៉ាងនេះក្តី ប្រភពពីមន្រ្តីជំនាញពាក់ពន្ធ័ខ្លះបានលួចបង្ហើបប្រាប់ថា នៅ ក្នុងលិខិតស្នើសុំនោះ អាជ្ញាធរស្រុកមិនបានបញ្ជាក់ពីទំហំស្រះ ជម្រៅនៃការជីក ជា​ ពិសេសអាចម៍ដីដែលស្តារស្រះនោះនិង យកទៅណា គឹមិនបានបញ្ជាក់ឲ្យច្បាស់​នោះទេ។ ដោយសារតែបែបនេះទើបរយៈពេលជិតកន្លះខែមកនេះ គ្រឿងចក្ររបស់​ឈ្មួញ ឈ្មោះ ហៃ គេអាចជីកយកអាចម៍​ពីក្នុង ស្រះដឹកយកទៅចាក់ផ្លូវផង លក់ឲ្យ​អ្នកស្រុកផង យ៉ាងគគ្រឹកគគ្រេង និង​ប្រមូល​​កើប​លុយបានរាប់រយលាន ដោយ​មិនចាំ​បាច់​បង់សួយសាអាករ ចូលមន្ទីររ៉ែ​និង​ថ​ាមពលខេត្តនោះទេ គឺបង់ចូលតែហោប៉ៅបុគ្គលម្នាក់២នាក់ទៅជាការ​ស្រេច។

ជុំវិញការលើកឡើងខាងលើនេះ លោក ទេព ភារុន អភិបាលស្រុកបាភ្នំ បានឲ្យដឹង​ថា ការស្តារស្រះបុរាណខាង​លើនេះ គឺ​ អាជ្ញាធរស្រុកពិតជាអ្នកស្នើសុំពិតមែន ហើយរឿងទំហំនិងជម្រៅនៃការ​ជីកស្តារស្រះនោះ ក៏លោកទទួលស្គាល់ថាមិនបានកំណត់ដែរ។ ប៉ុន្តែរឿងគេយក​អាចម៍ដីទៅលក់ បានលុយចែកភាគរយជា​មួយស្រុកនោះ លោកបដិសេធថា មិនពិត​ដូច​ការចោទ ប្រកាន់នោះទេ អាជ្ញាធរស្រុកមិនដែលទទួលបានប្រយោជន៌អ្វីពីឈ្មួញនោះឡើយ តាមកិច្ចសន្យារវាងអាជ្ញាធរ​ស្រុក និងម្ចាស់​គ្រឿងចក្រ គឺគ្រាន់តែតម្រូវ​ឲ្យ​ឈ្មួញ​ ជួយធ្វើផ្លូវចូល៣ខ្សែនៅជុំវិញស្រះនេះប៉ុណ្ណោះ ក្រៅពីនេះមិនបានពាក់ពន្ធ័អ្វីទាំងអស់៕ ហេង សូរិយា


ចែករំលែក៖