ខេត្តសៀមរាប៖ ឈើមួយរថយន្តកូរ៉េ ដែលលោក ម៉ែន វុទ្ធីហៅឡយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានចាប់បង្រ្កាបជាក់ស្ដែងបានកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ត្រូវបានផាកពិន័យរួចបានរឹបអូសយកឈើទុក រីឯសម្ភារផ្ទាល់ខ្លួនប្រគល់ឲ្យម្ចាស់ដើម ។
ការចាប់បង្រ្កាបនេះ ទុកបានប្រាំថ្ងៃនៅកន្លែងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ ហើយត្រូវបានយកចេញមួយគោយន្តកន្រ្តៃវិញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ត្រូវបានគេប្រទះឃើញ និងបានសួរនាំដល់អ្នកបើគោយន្តនោះ បាននិយាយថា លោក រី មន្រ្តីរដ្ឋបាលព្រៃឈើប្រចាំស្រុកសូទ្រនិគមនប្រើឲ្យដឹក ។
ហេតុការណ៍នេះ មានការងឿងឆ្ងល់ថា ចាប់បង្រ្កាបផាកពិន័យចំនួនទឹកប្រាក់១០លានរៀល ហើយហេតុដូចម្ដេចបានដឹកឈើចេញ បែបនេះ ការរិះគន់មកលើនាយសង្កាត់រដ្ឋបាលព្រៃឈើ ក៏ដូចនាយខណ្ឌបាលព្រៃឈើខេត្តសៀមរាប ពីភាពមិនប្រក្រតីនេះ តាមបណ្ដាញសង្គមយ៉ាងព្រោងព្រាត ។
ពលរដ្ឋមើលឃើញថា ការបង្រ្កាបពីលោកនាយសង្កាត់រូបនេះទំនងឈើដែលដឹកមកនោះ មិនបានផ្ដល់ព័ត៌មានជូនលោកម៉ែន វុទ្ធីឲ្យបានដឹងមុននោះទេ ទើបបានលោកបញ្ជាឲ្យកូនចៅដាក់អន្ទាក់ជាប់ប៉ះចំគ្នាឯងហើយការចរចាររវាងគ្នា និងគ្នានៅពេលនោះខ្វែងគំនិតគ្នាទើបបានអូសបន្លាយពេលវេលាឲ្យយូរ ។
សង្គមស៊ីវិលបានលើកឡើងថា ធ្វើបែបនេះ គ្រាន់តែជាឆាកល្ខោនឲ្យល្អមើលតែប៉ុណ្ណោះ វាបានបញ្ជាក់ថា ព្រៃឈើដែលនៅសេសសលចុងក្រោយគឺជំនាញពាក់ព័ន្ធមិនបានអើពើក្នុងការមើលថែនោះទេ ហើយការទប់ស្កាត់ហាក់នៅឆ្ងាយដូចជើងមេឃ បើមានការទប់ស្កាត់មែននោះម្ដេចឈើដែលចាប់បានហើយមានអ្នកមករំដោះចេញទៅដោយរលូន ។
ជុំវិញបញ្ហានេះ អ្នកព័ត៌មានទំនាក់ទំនងរកលោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើច្រើនដងដែរ តែលោកមិនលើកទូរស័ព្ទ ។
បន្ទាប់ពីបានទំនាក់ទំនងទៅលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបតាមរយៈលេខទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩លោកបានឆ្លើយប្រាប់ថា ឈើដែលបានដឹកចេញនោះ គឺបានយកទៅធ្វើរោងពិធីទិវាដាំកូនឈើធ្វើដងទងជាតិនាថ្ងៃខាងមុខ ៕ ប៊ុនរិទ្ធី