ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍មួយបានបង្ហើបឲ្យដឹងថា៖ លោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវរងការប្តឹង ពីនារីបុគ្គលិក ថាបានចាប់រំលោភនាង នៅក្នុងបន្ទប់ទឹក តែមិនបានសម្រេច ហើយនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅសមត្ថកិច្ច ។ ហេតុការនេះ បានកើតឡើង នៅវេលាយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ។
ប្រភពបានបង្ហើបឲ្យដឹងថា វេជ្ជបណ្ឌិត ដែលរងការប្តឹង ពីការចាប់រំលោភ បុគ្គលិកពេទ្យដូចគ្នា មានឈ្មោះ ហេង សេងហ៊រ ។ សមត្ថកិច្ច បានឲ្យដឹងថា នៅរសៀលម៉ោង ១១និង១២ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាល បានឃាត់ខ្លួន លោកវេជ្ជបណ្ឌិត ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរបង្អែក ខេត្តកំពង់ឆ្នាំង ឈ្មោះ ហេង សេងហ៊ ពាក់ព័ន្ធទៅនឹង បណ្ដឹងរបស់ស្ត្រីម្នាក់ ជាបុគ្គលិកពេទ្យ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ផ្ទាល់តែម្ដង ។
ប្រភពបានឲ្យដឹងទៀតថា នៅពេលដែល នាងក្រមុំ ជាអ្នកគ្រូពេទ្យ បានដើរចូល ក្នុងបន្ទប់ទឹក ពេលយប់ ត្រូវលោកវេជ្ជបណ្ឌិត ចូលទៅតាមក្រោយ ហើយចាប់ ឱបនាងពីក្រោយ ប៉ុនប៉ងផ្តួល និងរំលោភ ប៉ុន្តែត្រូវបាន នាងរើបម្រះរួច ហើយរត់ចេញមកក្រៅ សំដៅទៅគ្រែដេក របស់នាង នៅក្នុងមន្ទីរពេទ្យ ។ ប៉ុន្តែត្រូវវេជ្ជបណ្ឌិតរូបនោះ ដេញតាមនាង រហូតទៅដល់ បន្ទប់ដេកទៀត ដោយចាប់នាង អង្អែលភ្លៅ ធ្វើឲ្យនាងភ័យ ហើយរត់ចេញ ពីបន្ទប់ដេកនោះ ទៅដេកជាមួយមិត្តភក្កិ របស់នាង ដែលជាគ្រូពេទ្យ ដូចគ្នា ។
សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៥ ល្ងាច សមត្ថកិច្ចជំនាញ កំពុងតែធ្វើការ ត្រួតពិនិត្យ ទៅលើកាមេរ៉ាសុវត្ថិភាព នៅក្នុងមន្ទីរពេទ្យ ដោយយកចិត្តទុកដាក់ ដោយផ្ទាល់ តែម្ដង ។ ជនសង្ស័យ ជាវេជ្ជបណ្ឌិតរូបនេះ បានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្ត ទៅលើរូបនាងមែន និងគ្រាន់តែឱបនាង ពីក្រោយប៉ុណ្ណោះ ក្នុងនោះជនសង្ស័យ ព្រមបង់សំណង ចំនួន ៨ពាន់ដុល្លារ ធ្វើការប៉ះប៉ូវ ដើម្បីបញ្ចប់រឿង ក្រៅប្រព័ន្ធតុលាការ ។ ប៉ុន្តែការសម្របសម្រួល ក្រៅប្រព័ន្ធតុលាការនោះ មិនត្រូវបាន ភាគីខាងស្ត្រីរងគ្រោះ ទទួលយកឡើយ ដោយទាមទារ ធ្វើយ៉ាងណា ឲ្យសមត្ថកិច្ច អនុវត្តតាមច្បាប់ ។
ចំណែកលោក សូរិន្ទ ធីរ៉ាវុឌ្ឃី ប្រធានមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ឲ្យដឹងថា ករណីនេះ គឺពិតជាមានមែន ហើយលោក បានបញ្ជាក់ថា នេះជារឿងបុគ្គល ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិយស របស់គ្រូពេទ្យ ទាំងមូលផងដែរ ព្រោះកាមេរ៉ាសុវត្ថិភាព ក្នុងមន្ទីរពេទ្យ បានឃើញ នូវសកម្មភាពមែន ។ លោកបានបញ្ជាក់ថា ដុកទ័រនោះ គឺមានឈ្មោះ ហេង សេងហ៊រ ផ្នែកពិគ្រោះជំងឺដំបូង នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង ។ ជនសង្សយ័ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាលយ័ ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ៕ ចន្ថា