ព័ត៌មានទាន់ហេតុការណ៍៖

លាន់ដូចរន្ធះនៅផ្លូវបំបែកជាបួន បណ្ដាលឲ្យបុរសម្នាក់រងរបួសត្រង់ជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តពីរគ្រឿងបានពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ជាតៃកុង រងរបួសត្រង់ជើង និងត្រូវបានអ្នកធ្វើដំណើរដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុព្រៃសរ កែងនឹងផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្តកូរ៉េមានឈ្មោះ រស់ ហេង ភេទប្រុស អាយុប្រហែល៦០ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅម្ដុំផ្សារទួលទំពូង (រងរបួសត្រង់ជើងម្ខាង) ។ ចំណែកអ្នកបើកបររថយន្តធុនធំមានឈ្មោះ វី សិត ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរបើកបើកបរ ស្នាក់នៅភូមិពាម សង្កាត់ព្រៃសរ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េមួយតោ​កន្លះ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2D-4659 បើកបរតាមបណ្ដោយផ្លូវបេតុព្រៃសរ ទិសដៅពីកើតទៅលិច​ ខណៈពេលមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តមួយទៀតគ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-4049​ បិទឡូហ្គោរាជសី ធ្វើដំណើរទិសដៅពីត្បូងមកជើង ដែលបើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ហើយជ្រុលមកបុកពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ​ចំណែកអ្នកបើកបររថយន្តកូរ៉េរងរបួសត្រង់ជើង និងត្រូវបានអ្នកធ្វើដំណើរតាមផ្លូវដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់វាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖