ព័ត៌មានទាន់ហេតុការណ៍៖

សុំ​លុយ​ឪពុកម្តាយ​ទិញ​ថ្នាំញៀន​មិន​បាន​ ទាញកាំបិតដេញ​កាប់​ផ្អើលអ្នកភូមិ

ចែករំលែក៖

ភ្នំពេញ៖ ​បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន យកទៅសួរនាំបន្ទាប់ពីទាញកាំបិតដេញកាប់ឪពុកម្តាយ ផ្អើលអ្នកភូមិ ព្រោះខឹងសុំលុយទិញថ្នាំញៀនជក់មិនបាន ។

ហេតុការណ៍​នេះ បានកើតឡើងកាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២៦ ​ខែមិថុនា​ ឆ្នាំ​២០១៩​ នៅភូមិ​ត្រពាំង​ល្វា​២ ​សង្កាត់​កា​កាប​១ ​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ ។ ​

បុរសខាងលើមានឈ្មោះ ​សុវណ្ណ​រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​ល្វា​២​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។ ​

តាមសម្តីឪពុកម្តាយបុរសខាងលើបានឲ្យដឹងថា​ កូនរបស់គាត់មួយថ្ងៃៗ មិនដែលធ្វើការងារអីទេ ដឹងតែសុំលុយយកទៅទិញថ្នាំញៀនជក់ លុះនៅយប់ថ្ងៃទី២៥ ខែមិថុនា​ ឆ្នាំ២០១៩​ ក៏សុំលុយដើម្បីយកទៅទិញថ្នាំញៀនជក់ តែរូបគាត់មិនឲ្យធ្វើអោយ គេខឹងទាញកាំបិតដេញកាប់ផ្អើលដល់អ្នកភូមិ និងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍ តែរូបគេបានរត់គេចខ្លួនបាត់ ។

សាក្សីបន្តថា​ លុះ​មកដល់​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនានេះ ​បុរសខាងលើបានចូល​ផ្ទះ​វិញ ទើបរាយការណ៍ទៅនគរបាលចុះមកឃាត់ខ្លួនតែម្តង ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ ៕ សុខាសែនជ័យ​


ចែករំលែក៖