ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មន្រ្តីអនុរក្សពន្ធនាគារព្រៃស បាននាំខ្លួនបុរសម្នាក់ថ្លើមធំ ហ៊ានក្លែងហត្ថលេខាសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឆបោកអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ព្រះអង្គម្ចាស់ ស៊ី សុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ យកប្រាក់ចំនួន២៥ម៉ឺនដុល្លារ មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការកាត់ទោស ។
ជនជាប់ចោទឈ្មោះ ឯម អេង ភេទប្រុស អាយុ៥២ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទក្លែងលិខិតសាធារណៈ និងប្រើប្រាសលិខិតសាធារណៈក្លែង តាមមាត្រា៦២៦នៃក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី ២៧ធ្នូ ឆ្នាំ២០១៧នៅរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថាអង្គហេតុនៃរឿងក្ដីក្លែងលិខិត (ក្លែងហត្ថលេខាសម្ដេចតេជោ ) បានកើតឡើងនៅថ្ងៃទី២៧ធ្នូ ឆ្នាំ២០១៧ ដែលផ្ដើមចេញពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៏ ដែលបានចូលនិវត្តទៅហើយ លោកចង់បានដី និងផ្ទះមួយកន្លែងនៅក្បែរព្រះបរមរាជវាំងសម្រាប់រស់នៅផ្ទាល់ខ្លួន តែមិនដឹងធ្វើដូចម្ដេចដើម្បីសុំការយល់ព្រមពីសម្ដេចតេជោហ៊ុន សែន ។
ក្រោយមកព្រះអង្គម្ចាស់ ស៊ីសុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ បានជួបឈ្មោះ ឯម អេង ឈ្មោះឯម អេង ក៏បានធានាស្វែងរកលិខិត និងហត្ថលេខាបញ្ជាក់សម្រេចរបស់សម្ដេចតេជោ ប៉ុន្តែត្រូវចាយវាយលុយអស់ចំនួន២៥ម៉ឺនដុល្លារទើបបាន ។ បន្ទាប់មកព្រះអង្គម្ចាស់ ស៊ី សុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ ក៏បានយល់ព្រមប្រគល់ប្រាក់ចំនួន២៥ម៉ឺនដុល្លារឲ្យឯម អេង ដើម្បីធ្វើកិច្ចការនេះ ។ ក្រោយមកឈ្មោះឯម អេង ក៏បានយកលិខិតស្នើសុំដែលមានហត្ថលេខាបញ្ជាក់របស់សម្ដេចតេជោហ៊ុន សែន មកប្រគល់ឲ្យព្រះអង្គម្ចាស់ ស៊ី សុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ វិញ ប៉ុន្តែលិខិតនោះអាជ្ញាធរមិនទទួលស្គាល់ឡើយ ព្រះជាលិខិត និងហត្ថលេខាក្លែងក្លាយ ។
ដោយសារបញ្ហានេះព្រះអង្គម្ចាស់ ស៊ី សុវត្ថប៉ាណារ៉ាសេរីវុឌ្ឍ ក៏បានដាក់ពាក្យបណ្ដឹងមកក្រសួងមហាផ្ទៃ ហើយសមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌក៏បានស្រាវជ្រាវរកឃើញថាជាលិខិត និងហត្ថលេខាក្លែងក្លាយមែន ក៏ចាប់ខ្លួនលោកឯម អេង បញ្ជូនមកតុលាការឃុំខ្លួនអស់រយៈពេល៨ខែមកហើយទើបតុលាការលើកយកមកកាត់ទោសនេះ ។
ប្រឈមមុខបទចោទប្រកាន់ខាងលើនេះ ជនត្រូវចោទមិនសារភាពកំហុសទេ ដោយគេអះអាងថាហត្ថលេខានោះគឺពិតជាហត្ថលេខារបស់សម្ដេចតេជោ ហ៊ុន សែន ដែលខ្លួនគេផ្ទាល់បានយកទៅសុំឲ្យសម្ដេចតេជោ ចុះហត្ថលេខានៅក្នុងកម្មវិធីមួយក្បែរបន្ទាយង៧០ នាថ្ងៃទី ២៧ធ្នូ ឆ្នាំ២០១៧ ។ ចំណែក លិខិតបញ្ជាក់របស់នាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ កោសលវិច័យ២ដងរបស់ក្រសួងមហាផ្ទៃដែលបញ្ជាក់ថា ហត្ថលេខានោះក្លែងក្លាយ មិនមែនជាហត្ថលេខារបស់សម្ដេចតេជោហ៊ុន សែន ទេ ។
លោកព្រះរាជអាជ្ញារង សេង ហៀង ដែលបានជំនួសការងារសវនាការលោកព្រះរាជអាជ្ញារងគង់ សំសារ៉េត ដែលបានផ្លាស់ប្ដូរការងារទៅកន្លែងផ្សេង បានធ្វើសេចក្ដីសន្និដ្ឋានបញ្ជាក់ថា ទង្វើរបស់ជនជាប់ចោទមានចេតនាទុច្ចរិតក្លែងបន្លំហត្ថលេខាសម្ដេចនាយករដ្ឋមន្ត្រី និងបទប្រើលិខិតសាធារណៈក្លែងគប្បីត្រូវផ្ដន្ទាទោសតាមច្បាប់ ។
លោកមេធាវីមួង សុគន្ធ និងមេធាវី ឡុង តារា ដែលការពារក្ដីឲ្យជនត្រូវចោទបានសន្និដ្ឋានថា ចេតនារបស់កូនក្ដីខ្លួនគឺឆបោកយកប្រាក់ពីជនរងគ្រោះ មិនមែនជាអំពើក្លែងលិខិតទេ ។ ដូច្នេះសូមឲ្យតុលាការកែប្រែបទចោទពីក្លែងលិខិតសាធារណៈ និងប្រើលិខិតសាធារណៈក្លែង មកជាបទឆបោកតាមមាត្រា៣៧៧ មាត្រា៣៧៨ នៃក្រមព្រហ្មទ័ណ្ឌវិញ ។
លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្រកាសសាលក្រមរឿងក្ដីនេះនៅថ្ងៃទី ០៤កក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹកខាងមុខ ៕ ស តារា