ភ្នំពេញ៖ យុវជនវ័យក្មេង២នាក់ មិនគិតពីការសិក្សាបែរជានាំគ្នាមកជិះម៉ូតូបង្ហោះតាមផ្លូវ បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋអ្នកដំណើរមានការភ័យខ្លាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ ភ្លាមនោះក៏ប្រទះនឹងកម្លាំងនគរបាលកងអន្តរាគមន៍ខណ្ឌមានជ័យឃើញជាក់ស្តែង ក៏ឃាត់ខ្លួនដើម្បីណែនាំអប់រំ និងឲ្យអាណាព្យាបាលឲ្យមកធ្វើកិច្ចសន្យាធានាយកត្រឡប់ទៅផ្ទះវិញ ។
ករណីបង្ក្រាបក្រុមយុវវ័យបង្ហោះម៉ូតូតាមផ្លូវសាធារណៈខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៤និង០៥នាទីរសៀល ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យុវជន២នាក់ ទី១.ឈ្មោះ ហេង សុខធា អាយុ១៧ឆ្នាំ , និងទី២.ឈ្មោះ សួន ដារ៉ា អាយុ១៧ឆ្នាំ ពួកគេទាំងពីរមានទីលំនៅជិតគ្នា ក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
មន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនក្មេងស្ទាវទាំង២នាក់នេះ គឺកម្លាំងកងអន្តរាគមន៍ នៃអធិការដ្នានខណ្ឌមានជ័យ បានបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈចេញល្បាតមកដល់ចំណុចខាងលើ ស្រាប់តែឃើញយុវជន២នាក់ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាក Honda Beat ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GV-6372 ជិះឌុបគ្នា ធ្វើដំណើរតាមផ្លូវ រួចធ្វើសកម្មភាពបង្ហោះម៉ូតូតាមផ្លូវ ម្ដងហើយម្ដងទៀត ទើបកម្លាំងកងកម្លាំងអន្តរាគមន៍ ប្រដេញតាមស្ទាក់ឃាត់បាន ហើយនាំមកអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីសាកសួរ រួចប្រគល់ឲ្យប៉ុស្តិ៍ចាក់អង្រែក្រោមតែម្តង ។
នគរបាលខណ្ឌមានជ័យបន្តថា ក្រោយឃាត់ខ្លួនសួរនាំ និងស្រាវជ្រាវឃើញថា យុវជន២នាក់នេះ មិនមានពាក់ព័ន្ធបទល្មើស ដែលគួរឲ្យកត់សម្គាល់ក៏ធ្វើការអប់រំណែនាំនិងកិច្ចសន្យាឲ្យអាណាព្យាបាលមកធានា យកត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ភារ៉ា ដង្កោ