ព័ត៌មានទាន់ហេតុការណ៍៖

យុវជនសិស្សសាលាជិះម៉ូតូជែងមិនប្រយត្ន័ បុកអ្នកជិះម៉ូតូស្របគ្នារបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ត្រវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកជែងទៅមុខខ្វះការប្រុងប្រយត្ន័ ប្រលះម៉ូតូបើកស្របគ្នាពេញទំហឹង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតលើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ២៥ និង២៦ ត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា យុវជនដែលជិះម៉ូតូបង្កហេតុមានឈ្មោះ អ៊ុង វីរៈ អាយុ១៩ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដា C១២៥ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GF.២៧៧១ ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីម្ខាងទៀត មានឈ្មោះឯក សំរឿន អាយុ៦៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងធំ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។

តាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានយុវជនសិស្សសាលាម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១GF.២៧៧១ លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ចន្លោះគីឡូម៉ែត្រលេខ២៥ និង២៦ ក្នុងទិសដៅពីជើងទៅត្បូង ជែងខ្វះការប្រុងប្រយត្ន័ ក៏ទៅបុកនឹងម៉ូតូមួយគ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ជិះដោយបុរសចំណាស់ម្នាក់ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យដួលរណូករណែលកណ្ដាលផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

ក្រោយមកសមត្ថកិច្ចបានមកអន្តរាគមន៍ដឹកភាគីទាំងសងខាងទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀ និងវាស់វែងអូសយកមធ្យោបាយធ្វើដំណើរម៉ូតូទាំង២គ្រឿង មករក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គប្រស្រែ ដើម្បីដោះស្រាយពេលក្រោយតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖