ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាក្រុមហ៊ុនអាមេរិក មិនអាចបោះបង Huawei ឡើយ

ចែករំលែក៖

បណ្តាក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក និងក្រុមហ៊ុន ចិន​Huawei ​មានទំនាក់ទំនងសហប្រតិបត្តិការណ៍តាំងពីដើមមកមិនអាចខ្វះបានឡើយ ហើយពេលនេះ ក្រុមហ៊ុនអាមេរិក ព្យាយាមបន្តសហការ និងអាចបន្តទំនាក់ទំនងអាជីវកម្មបានខ្លះជាមួយ Huawei ហើយស្របពេលជាមួយគ្នា គឺនៅតែត្រូវរក្សាការគោរពតាមច្បាប់របស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន Huawei ត្រូវបានក្រសួងពាណិជ្ជកម្មអាមេរិកកត់ឈ្មោះចូលបញ្ជីខ្មៅ កាលពីខែមុន ដែលបានហាមក្រុមហ៊ុនទាំងឡាយដែលកំពុងផ្គត់ផ្គង់ Huawei នូវគ្រឿងបន្លាស់ផលិតឡើងដោយវត្ថុធាតុដើមយកពីអាមេរិក បន្តការរកស៊ីជាមួយ Huawei ដោយពុំមានអាជ្ញាប័ណ្ណនោះ ការដឹកជញ្ជូនគ្រឿងបន្លាស់ដើម្បីផ្គត់ផ្គង់ឲ្យ Huawei ត្រូវបានផ្អាកមួយរយៈ ខណៈដែលក្រុមហ៊ុនអាមេរិកបានយកពេល ទៅវាយតម្លៃលើបម្រាមនេះ ។

យ៉ាងណាមិញ បើតាមសេចក្តីរាយការណ៍របស់ The Wall Street Journal ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយឈ្មោះថា Micron Technology Inc. បានប្រកាសថា ខ្លួនបានបន្តការផ្គត់ផ្គង់មួយចំនួនឡើងវិញជាមួយ Huawei បន្ទាប់ពីការសម្រេចថា ការផ្គត់ផ្គង់ ទាំងប៉ុន្មាននោះមិនល្មើសនឹងច្បាប់អាមេរិក ។ រីឯក្រុមហ៊ុនផលិតបន្ទះឈីប Qualcomm វិញ ក៏បានបន្តការផ្គត់ផ្គង់គ្រឿងបន្លាស់ខ្លះៗទៅកាន់ Huawei ផងដែរ ក្រោយរកឃើញថា គ្រឿងបន្លាស់ទាំងនោះ ត្រូវបានអនុញ្ញាតឲ្យធ្វើអាជីវកម្ម នៅក្រោមច្បាប់របស់ ក្រសួងពាណិជ្ជកម្មអាមេរិក ។ ចំណែកក្រុមហ៊ុនបន្ទះឈីប Intel ក៏ដូចគ្នា ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀត សុទ្ធតែកំពុងរិះរកមធ្យោបាយ ។

យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Wall Street Journal ក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង កំពុងព្យាយាមដើរលើខ្សែដ៏តូចឆ្មាមួយ គឺរវាងការបំពេញតាមកិច្ចសន្យារបស់ពួកគេ ហើយបន្តការរកស៊ីជាមួយ Huawei ដើម្បីកុំឲ្យទទួលរងការខាតបង់ ប៉ុន្តែទន្ទឹមគ្នានេះគឺមិនឲ្យល្មើសនឹងការដាក់កំហិត​របស់រដ្ឋាភិបាលអាមេរិក ស្តីពីការនាំចេញបច្ចេកវិទ្យាឲ្យទៅ Huawei ឡើយ៕


ចែករំលែក៖