ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងជំរុញអាមេរិក ប្រញាប់ចរចាបរមាណូ​ ជាលើកទី​៣

ចែករំលែក៖

ក្នុងពេលដែលកិច្ចពិភាក្សលើកទី​៣ ស្តីពីកម្មវិធីបរមាណូរវាងអាមេរិក និងកូរ៉េខាងជើង អាចនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ក្រោយមេដឹកនាំកូរ៉េខាងជើង ផ្ញើលិខិតផ្ទាល់ដៃទៅឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ។ ពេលថ្មីៗនេះ មានព័ត៌មានផ្សាយថា លោកត្រាំ និងគីម ជុងអ៊ុន អាចជួបពិភាក្សានៅតំបន់ព្រំដែន នាចុងខែមិថុនានេះ ពេលលោកត្រាំ ទស្សនកិច្ចតំបន់ព្រំដែនកូរ៉េទាំងពីរ​ ។

លោក ត្រាំ នឹងទៅកាន់កូរ៉េខាងជើងនៅថ្ងៃទី​២៩ ខែមិថុនា ​បន្ទាប់ពីកិច្ចប្រជុំ​G-20 នៅក្នុងប្រទេសជប៉ុន​ ។ ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីជំនួបនោះឡើយ ។

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​២៧ ខែមិថុនា​ បានផ្សាយថា មន្ត្រីទូតកូរ៉េខាងជើងម្នាក់នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា បាននិយាយថា សហរដ្ឋអាមេរិក គួរតែចាត់វិធានការជាសកម្មភាព ដែលបង្ហាញពីយុទ្ធសាស្រ្តថ្មីមួយ ដើម្បីស្ដារកិច្ចចរចាស្ដីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរឡើងវិញ មុននឹងពេលវេលាដែលកំណត់ដោយទីក្រុងព្យុងយ៉ាង ត្រូវកន្លងហួសទៅ ។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្លាប់បានបញ្ជាក់ក្រោយកិច្ចប្រជុំជាមួយលោក ដូណាល់ ត្រាំ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ ទទួលបរាជ័យថា ជំនួបលើកទី ៣ អាចនឹងកើតឡើងជាថ្មី លុះត្រាតែសហរដ្ឋអាមេរិកប្ដូរអត្តចរិកបច្ចុប្បន្នចេញសិន ពោលគឺឲ្យបានមុនដំណាច់ឆ្នាំ២០១៩នេះ បើពុំដូច្នោះទេ អ្វីៗអាចនឹងលែងស្រោចស្រង់ឡើងវិញបាន ។

ជុំវិញបញ្ហាខាងលើនេះ លោក ក្វុន ចុងហ្គាន់ (Kwon Jong Gun) ដែលជានាយកទទួលបន្ទុកកិច្ចការអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកតែងតែលើកឡើងជានិច្ចពីកិច្ចសន្ទនា ខណៈខ្លួននៅតែប្រកាន់ភ្ជាប់នូវសកម្មភាពជាសត្រូវ ចំពោះកូរ៉េខាងជើង ។ ដូច្នេះហើយ ទីក្រុងវ៉ាស៊ីនតោនគួរតែប្ដូរយុទ្ធសាស្ត្របច្ចុប្បន្ន និងធ្វើសកម្មភាពឲ្យស្របទៅតាមផលប្រយោជន៍រវាងប្រទេសទាំង ២ ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានអះអាងថា ការផ្ញើសំបុត្រឲ្យគ្នាទៅវិញទៅមករវាងលោក ត្រាំ និងលោក គីម នាពេលថ្មីៗនេះ បង្កើនសង្ឃឹមពីលទ្ធភាពកាន់តែខ្ពស់ នៃការរៀបចំជំនួបកំពូលលើកទី ៣ រវាងមេដឹកនាំទំាង២ ។ ប៉ុន្តែសេតវិមានក៏បានបន្តសុពលភាព នៃដាក់ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងផងដែរ កាលពីសប្ដាហ៍មុន ៕


ចែករំលែក៖