ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការចម្រុះខណ្ឌច្បារអំពៅចុះត្រួតពិនិត្យការដ្ឋានសំណង់ នៅតាមបណ្តោយផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីលោកអភិបាលរាជធានីភ្នំពេញចេញលិខិត ណែនាំឲ្យ អភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ចាត់វិធានការទប់ស្កាត់សំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិត អនុញ្ញាត សាងសង់រួចមក គណៈកម្មការចម្រុះរបស់រដ្ឋបាលខណ្ឌច្បារអំពៅបានចាប់ផ្តើមអនុវត្តចុះត្រួតពិនិត្យសំណង់ខ្ពស់ៗ ជាបណ្តើរៗហើយ ។

ជំហានដំបូងក្រុមការងារចុះត្រួតពិនិត្យសំណង់ ដែលទើបចាប់ផ្តើមសាងសង់ និងសំណង់ដែលសាងសង់បានប្រហែល ៥០ ភាគរយ ទៅ៧០ភាគរយ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ សង្កាត់ច្បារអំពៅទី២ និងសង្កាត់និរោធ ។

យុទ្ធនាចុះត្រួតពិនិត្យសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិត អនុញ្ញាតសាងសង់នេះ ចាប់ផ្តើមអនុវត្តនៅរសៀលថ្ងៃទី២៥ ទី២៦ ខែមិថុនា ឆ្នាំ២០១៩ និងបន្តចុះត្រួតពិនិត្យនៅគ្រប់ទីតាំងទាំងអស់ក្នុងសង្កាត់ទាំង៨ របស់ខណ្ឌចម្បារអំពៅ ។

លោករស់ សុភក្តិ អភិបាលរងខណ្ឌច្បារអំពៅទទួលការងារសំណង់បានឲ្យប្រាប់ដូច្នេះថា រយៈពេល២ថ្ងៃនេះគណៈកម្មការចម្រុះចុះត្រួតពិនិត្យសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិត អនុញ្ញាតសាងសង់បានជាង១០ទីតាំងហើយនៅក្នុងសង្កាត់ច្បារអំពៅទី១ ច្បារអំពៅទី២ និងបន្តចុះត្រួតពិនិត្យនៅទីតាំងផ្សេងៗទៀតក្នុងសង្កាត់ទាំង៨ ។ យុទ្ធនាការចុះត្រួតពិនិត្យសំណង់នេះធ្វើឡើងក្រោមកិច្ចសហការពីមន្ត្រីជំនាញមកពីក្រសួងរៀនចំដែនដីនគរូបនីយ៍កម្មនិងសំណង់ រួមជាមួយមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ សុរិយោដីនិងភូមិបាល រាជធានីភ្នំពេញ ។ នេះជាការចាប់ផ្តើមយុទ្ធនាការដំបូង ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណែកទីតាំងផ្សេងៗទៀតក៍ចុះត្រួតពិនិត្យផងដែរ និយាយរួមគឺចុះត្រួតពិនិត្យគ្រប់ទីតាំងសំណង់ទាំងអស់នៅក្នុងសង្កាត់ទាំង៨ ៕ សណ្តោស


ចែករំលែក៖