ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដកុងតឺន័រពន្លះរថយន្ដឡិចស៊ីសស៊េរីទំនើបឡើងខ្ទេច និងធ្លាក់ផ្លូវកិនរុឺម៉កលក់ភេសជ្ជៈរងរបួសធ្ងន់ ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ពិតជាស្រៀវខ្លាំងណាស់ ខណៈមានរថយន្ដដឹកទំនិញប្រភេទកុងតឺន័រមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្ដឡិចស៊ីសស៊េរីទំនើប HS 250h ដែលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹង និងបន្តទៅបុករឺម៉កលក់ភេសជ្ជៈនៅលើចិញ្ចើមផ្លូវធ្លាក់ចូលប្រឡាយទឹកបណ្ដាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣ និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងផ្លូវបេតុងច្រកចូលវិទ្យុABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ដស៊េរីទំនើបម៉ាកឡិចស៊ីស HS 250h ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 2D-8789 បើកបរដោយស្ត្រីម្នាក់និងកូនស្រីម្នាក់រួមដំណើរជាមួយក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុ រថយន្ដបានបត់ឆ្វេងឆ្លងផ្លូវបំណងចូលទៅផ្លូវបេតុងវិទ្យុ ABC តែត្រូវរថយន្ដកុងតឺន័របើកបរក្នុងល្បឿនលឿន មិនប្រយ័ត្នធ្វើដំណើរទិសដៅពីកើតទៅលិច បុកចំពាក់កណ្ដាលរថយន្ដឡិចស៊ីសពេញទំហឹង បណ្ដាលឲ្យខូចខាតមួយចំហៀង និងធ្វើឲ្យអ្នកជិះក្នុងរថយន្ដពីរនាក់របួសធ្ងន់ ស្រាល ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីបុករថយន្ដឡិចស៊ីសរួច រថយន្ដកុងតឺន័របន្តជ្រុលបុករឺម៉កលក់ភេសជ្ជៈ ដែលដាក់លក់នៅលើចិញ្ចើមផ្លូវធ្លាក់ចូលក្នុងទឹកប្រឡាយ ទាំងរុឺម៉ក និងរថយន្ដបង្ក បណ្ដាលឲ្យអ្នកលក់ភេសជ្ជៈរងរបួសធ្ងន់ម្នាក់ផងដែរ ។

ក្រោយពេលកើតហេតុ តៃកុងរថយន្ដបង្កបានចុះពីរថយន្ដគេចខ្លួនបាត់ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ស្រាល៣នាក់ ត្រូវរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់មកក៏មានកម្លាំងជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ព្រមទាំងរុឺម៉ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖