ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូច​បុកម៉ូតូ​ ស្លាប់២នាក់ម្តាយ និងកូន រីឯម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវារថយន្តស្ទូច និងម៉ូតូ បណ្តាលឲ្យជនរងគ្រោះ២នាក់ម្តាយនិងកូនតូចស្លាប់នៅនឹងកន្លែង។

យោងតាមរបាយ ពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១២និង៤០នាទីរសៀល ស្ថិតនៅម្តុំចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ត្រង់ផ្លូវបេតុង បត់ចុះមកទំនប់រលក។

ប្រភពបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត ម៉ាក HYUNDAI 5 TON ប្រភេទស្ទូច ពណ៌ស+ក្រហម គ្មានស្លាកលេខ (អ្នកបើកបររថយន្តរត់គេចខ្លួនបាត់) បុកប៉ះជាមួយម៉ូតូម៉ាក SIRIUS ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះឌុបគ្នា៣នាក់ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ ៖ ទី១-ឈ្មោះ ហន លក្ខ័ ភេទស្រីអាយុ29 ខ្មែររបរមេផ្ទះ ជាម្តាយ (ស្លាប់) ទី២-ឈ្មោះប៊ុន លី ភេទប្រុស អាយុ៣ឆ្នាំ ត្រូវជាកូនរបស់ ហន លក្ខ័ (ស្លាប់) និងទី៣-ឈ្មោះ នួន មុី ភេទស្រី អាយុ១៦ឆ្នាំ (រងរបួសធ្ងន់) ជាញាតិជិតខាងជាមួយជនរងគ្រោះ ដែលស្លាប់ ហើយ អ្នកទាំងបីរស់នៅក្រុម៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សាកសព ត្រូវបានខាងក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូ និងរថយន្តត្រូវបាននគរបាលចរាចរណ៏ យកទៅរក្សាទុកដើម្បីដោះស្រាយបន្ត នៅពេលក្រោយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖