ព័ត៌មានទាន់ហេតុការណ៍៖

សែម សង្វាត បានការអាសូខ្លាំង ក្រោយដឹងថា លោកមានជំងឺប្រចាំកាយច្រើនមុខ

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងនៃការធ្លាក់ខ្លួនឈឺរូបរាងកាយស្គមរីងរៃ របស់អតីតតារាចម្រៀង សែម សង្វាត បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ។ លោកទទួលបានក្តីអាណិតអាសូរ រួមទាំងការជួយឧបត្ថម្ភខ្លះៗ ពីបណ្តាសប្បុរសជននានា ក្រោយពីដឹងថា លោកមានជំងឺប្រចាំកាយជាច្រើនមុខ ។

ក្រៅពីសប្បុរសជនមួយចំនួនក្នុងនោះ ក៏មានសិល្បករ ពិសេសមិត្ត អតីតសមាជិកក្រុម EV Band មានលោក ឃុំ ប៉ុណ្ណាដែត អ្នកនាងយក់ ថិតរដ្ឋា និងអ្នកនាងឱក សុគន្ធកញ្ញា បានជួយឧបត្តម្ភ រួមទាំងផ្តល់កម្លាំងចិត្តដល់តារាចម្រៀងអភព្វរូបនេះ ។ លោកក៏ត្រូវបានជួយសង្គ្រោះពិនិត្យព្យាបាលតាមរយៈការជ្រោមជ្រែងពីសំណាក់សមាគមសិល្បករខ្មែរ និងសប្បុរសជនមួយចំនួនផងដែរ ។ តាមរយៈការបញ្ជាក់របស់លោកហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ​សមាគមសិល្បករខ្មែរ សហការជាមួយ​ពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) បានរ៉ាប់​រង​លើ​ការព្យាបា​ល​ចំពោះតារាចម្រៀង​ សែម សង្វាត ដែលកំពុង​ឈឺធ្ងន់​ជំងឺច្រើនមុខ ។

ការពិនិត្យ និងព្យាបាលត្រូវបានធ្វើឡើង​នៅមន្ទីរពេទ្យ​ព្រះកុសមៈ​ (ពេទ្យលោកសង្ឃ) ។ លោកមានជំងឺសាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាម ។

គួរបញ្ជាក់ដែរថាលោកសែម សង្វាត់គឺជាអតីតសមាជិកក្រុម EV Band រួមជាមួយ អ្នកនាង យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ អ្នកនាង ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត ។ ជាង១៥ឆ្នាំហើយដែលខ្សែជីវិតអភព្វរបស់អតីតតារាចម្រៀងសែមសង្វាតទើបនឹងត្រូវបានទម្លាយជាមួយនឹងរូបរាងស្គមស្គាំងមានជំងឺប្រចាំកាយគួរឲ្យអាសូ ។

លោកសែម សង្វាត បានបាត់មុខចេញឆ្ងាយពីវិស័យសិល្បៈ ធ្វើឲ្យក្រុមអ្នកគាំទ្រ ក៏ដូចជាមហាជនមានសេចក្ដីនឹករលឹក ដល់រូបលោកជាខ្លាំង ។ ម្ចាស់បទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន» រូបនេះធ្វើឲ្យទស្សិកជនកាន់តែអាណិតក្រោយពីដឹងថា តាមការបញ្ជាក់របស់លោក សែម សង្វាត់បានលើកឡើងថាក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោក បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ និង ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី នៅឯក្រុងប៉ោយប៉ែត ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់ ។

លោកបានត្រឡប់មកភ្នំពេញវិញ កាលពីកំឡុងឆ្នាំ ២០១៥ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង ។

លោកជួបប្រទះនឹងការលំបាកច្រើន ព្រោះតែជំងឺប្រចាំកាយធ្វើទុក្ខ ខណៈដែលកូន ៗសុទ្ធតែស្ថិតក្នុងវ័យសិក្សា ។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស ៕ វឌ្ឍនា


ចែករំលែក៖