ព័ត៌មានទាន់ហេតុការណ៍៖

ផ្ដល់ច្បាប់អោយឈ្មួញបង្កើតដេប៉ូស្តុកឈើ នៅក្បែរព្រំដែនងាយស្រួលនាំចេញទៅវៀតណាម ខណៈឈ្មួញឈ្មោះ សោភ័ណ្ឌ និងឈ្មោះហេង ដឹកឈើលើសច្បាប់អនុញាត

ចែករំលែក៖

ខេត្ត​ក្រចេះ៖ មន្ត្រីអាជ្ញាធរនៅស្រុកស្នួលខេត្តក្រចេះ បានអះអាងថា ប្រធានមន្ទីរកសិកម្ម និងមេព្រៃខេត្តក្រចេះ បានឃុបឃិតគ្នាផ្ដល់ទីតាំងអោយឈ្មួញស្តុកឈើ សំរាប់លក់ចែកចាយនៅក្បែរបន្ទាត់ព្រំដែន ដែលជាការផ្ដល់ឱកាសអោយឈ្មួញមានលទ្ធភាពខ្ពស់ ក្នុងការនាំឈើល្មើសច្បាប់ឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម។

យោងតាមច្បាប់អនុញ្ញាតដែលចេញដោយលោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចុះហត្ថលេខាអមពី លោក នួន ពៅរតនា នាយរងទទួលបន្ទុករួម ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ និងយោងតាមសំណើរបស់នាយផ្នែករដ្ឋព្រៃឈើឆ្លូង បានអនុញ្ញាតអោយឈ្មោះទា កែវមុនី បង្កើតរោងសន្និធិ លក់ ចែកចាយផល អនុផលព្រៃឈើមានទីតាំងនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមការចុះទៅដល់ទីតាំងស្តុកឈើ ដោយផ្ទាល់នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នេះ កន្លែងដែលស្ដុកឈើ គឺស្ថិតនៅតាមបណ្ដោយផ្លូវដីគ្រួសក្រហម ចូលជ្រៅពីថ្នល់ជាតិដែលមានតែផ្ទះបងប្អូនជនជាតិភាគតិច តិចតួច និងចំការកៅស៊ូឯកជន និងជាផ្លូវឆ្ពោះចេញទៅតាមច្រករបៀងព្រំដែន D3-D4 ដែលផ្លូវនេះ សុទ្ធតែមានបារ៉ាស់ហាមចេញ ចូលជាសាធារណៈទៀតផង ដែលងាយអោយឈ្មួញលួចនាំឈើចេញបានយ៉ាងងាយស្រួល។

តាមមន្ត្រី និងអ្នករកស៊ីឈើបានអោយដឹងថា ទីតាំងស្តុកឈើរបស់ឈ្មួញដែលលោកទ្រី សុភក្ដិ អនុញ្ញាតច្បាប់នេះ វាគ្មានយុត្តិសាស្ត្រងាយស្រួលសំរាប់ស្តុកឈើលក់ និងចែកចាយនៅក្នុងស្រុកឡើយ គឺជាទីតាំងស្តុកឈើងាយស្រួល សំរាប់លួចនាំចេញតាមច្រករបៀងព្រំដែននានា យកទៅលក់នៅប្រទេសវៀតណាម ព្រោះទីតាំងនៅក្បែរច្រករបៀងព្រំដែន តែប៉ុន្មានគីឡូម៉ែត្រតែប៉ុណ្ណោះ។

តាមការអោយដឹងពីមន្ត្រីនៅខេត្តក្រចេះ បានអោយដឹងថា បច្ចុប្បន្ន មានឈ្មួញកណ្ដាលចំនួន២នាក់ ម្នាក់ឈ្មោះសោភ័ណ្ឌ និងម្នាក់ទៀតឈ្មោះហេង ដែលពួកគេមានខ្នងបង្អែកជាមន្ត្រីមានឥទ្ធិពលនៅភ្នំពេញ បានរត់ការដឹកឈើចេញពីក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ចយ៉ានចាវ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយមានច្បាប់ដឹកជញ្ជូន(PC)ត្រឹមត្រូវដើម្បីយកទៅលក់អោយអ្នកប្រើប្រាស់ក្នុងស្រុក ដោយក្នុងច្បាប់អនុញ្ញាត អោយដឹក១រថយន្តភ្លៅ ៥ចំណុះ យ៉ាងច្រើនពី១៥ ទៅ១៨ម៉ែត្រគូបប៉ុណ្ណោះ តែពួកឈ្មួញ និងមន្ត្រីរដ្ឋបាលព្រៃឈើឃុបឃិតគ្នាអនុញ្ញាតអោយ ដឹករហូតដល់ជាង ៣០ទៅជាង៤០ម៉ែត្រគូប។

ក្នុងនោះ បើឈើអារប្រភេទលេខ២ ពួកគេសុំ PC ដឹកយកទៅភ្នំពេញ ខេត្តព្រៃវែង តាកែវ កណ្ដាលលក់អោយតាមដេប៉ូឈើនានា តែបើឈើលេខ១ឬឈើប្រណីត គេសុំ PC ដឹកយកមកស្តុកនៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ឬនៅភូមិផ្សារក្ដុល ឃុំទន្លូង ស្រុកមេមត់ ដែលជាកន្លែងមានច្បាប់ស្តុក តែពេលយប់ឡើងគេលើកដាក់រថយន្តតួរីស លួចនាំចេញទៅប្រទេសវៀតណាម តាមច្រករបៀងតែម្ដង។

ករណីនេះ គេថាជាទង្វើកន្ទេលធំបន្លំដេករវាងឈ្មួញឈើ និងមន្ត្រីមេព្រៃរួមទាំងមន្ទីរកសិកម្មផងដែរ។ ដូច្នេះសូម លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម គួរពិនិត្យមើលការអនុញ្ញាតច្បាប់របស់ លោក ទ្រី សុភក្ដិ ប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ខាងលើនេះផង៕​អរុណរះ​


ចែករំលែក៖