ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកដៃឆៅ កាប់សម្លាប់ជីដូនខ្លួនឯង ស្លាប់យ៉ាងអាណោចអាធ័មនោះ​ ត្រូវអាវុធហត្ថខេត្តកណ្តាល សហការជាមួយអាវុធហត្ថខេត្តកំពង់ធំ ចាប់ខ្លួនបានហើយ

ចែករំលែក៖

ខេត្តកណ្តាល៖ មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារកាសែតនគរវត្តនៅមុននេះបន្តិចថា ឃាតកដៃឆៅជាចៅបង្កើតមានជំងឺសរសៃប្រសាទកាប់សម្លាប់ជីដូនខ្លួនឯង ពេលជីដូនកំពុងបោសសំរាមស្លាប់យ៉ាងអាណោចអាធ័មនោះ​ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់បានហើយ​​នៅយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ។

ឃាតកមានឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន (សរសៃប្រសាទ)មានទីលំនៅ (មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះមានឈ្មោះ ឡាច ឡាវ ភេទស្រី អាយុ ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

គួររំលឹកដែរថា៖ គួរឲ្យខ្លោចចិត្តណាស់ ចៅស្រី ដោយសារមានជំងឺសរសៃរប្រសាទ លើកដៃកាប់ជីដូនខ្លួនឯង ដែលកំពុងបោសសំរាមនៅខាងមុខផ្ទះ​ស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង០០នាទីនៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

សាក្សីបានបានឲ្យដឹងថា ៖នៅថ្ងៃ ខែ ឆ្នាំ កើតហេតុខាងលើជនរងគ្រោះកំពុងតែបោសសំរាមនៅខាងមុខផ្ទះ ភ្លាមនោះស្រាប់តែជនសង្ស័យបានដើរសំដៅមកជនរងគ្រោះ ហើយបានទាញកាំបិត ពីថង់ខ្មៅនៅនឹងដៃ ដែលជនសង្ស័យកាន់មក កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់តែម្ដង ។ ក្រោយពេលកើតហេតុជនសង្ស័យបានបោះកាំបិតចោលរួចគេចខ្លួនបាត់តែម្ដង ។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ៕ ឆ ដា​


ចែករំលែក៖