ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលទួកគី បន្តចាត់វិធានការទៅលើទាហានសង្ស័យជាប់ពាក់ព័ន្ធរដ្ឋប្រហារ​

ចែករំលែក៖

តាំងពីរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល របស់ប្រធានាធិបតី អ៊ីដូហ្គាន មិនបានសម្រេច​ កាលពីឆ្នាំ​២០១៦ មក រដ្ឋាភិបាលបានចាត់វិធានការ តានតឹងបំផុត ដើម្បីកម្ចាត់ក្រុមប្រឆាំងឲ្យអស់ ដោយបានចាប់ខ្លួននទាហានជាច្រើនដាក់ទោស ។

នៅពេលនេះ រដ្ឋាភិបាលទួកគីបានបញ្ជាឲ្យតាមចាប់ខ្លួន ទាហានសង្ស័យ​៨២នាក់ ជាប់ពាក់ព័ន្ធនឹងការធ្វើរដ្ឋប្រហារ ។ សារព័ត៌មានទួកគី Anadolu បានផ្សាយ​កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ថា ទីក្រុង Ankara បានបន្ទោស​​លើបុព្វជិតមូស្លីម Fethullah Gulen មូលដ្ឋាន​នៅអាមេរិក​ ជាមេគំនិត​ប៉ុនប៉ងរដ្ឋប្រហារ​​កាលពីខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែមិនបានសម្រេច ។ លោក Gulen ភៀសខ្លួនដោយខ្លួនឯងទៅអាមេរិក តាំងពីឆ្នាំ១៩៩៩​មកម្ល៉េះ បានបដិសេធ​ពាក់ព័ន្ធ​ណាមួយ​ការចោទប្រកាន់របស់រដ្ឋាភិបាល ។

សារព័ត៌មាន​ដដែលនេះ បានផ្សាយថា ប៉ូលិស​ទួកគី​កំពុងតាមប្រមាញ់​ជនសង្ស័យ​៤២នាក់ មូលដ្ឋាន​នៅខេត្តឈូងសមុទ្រ​ភាគខាងលិច គឺខេត្ត Izmir ប៉ុន្តែ​ក៏បានប្រតិបត្តិការ​នៅទូទាំង​១៧ខេត្ត​របស់​ទួកគីផងដែរ ក្នុងការស្វែងរកជនសង្ស័យ​ខាងលើនេះ ។ ទួកគី​មានផ្ទៃដីទាំងអស់​២៥ខេត្ត ។ ជនសង្ស័យ​៤០នាក់ទៀត ក្នុងនោះ​មានទាហាន​កំពុងបំពេញភារកិច្ចផងដែរ ស្ថិតនៅមូលដ្ឋានទ័ព​ភាគកណ្តាលខេត្ត Konya កំពុងត្រូវបាន​តាមប្រមាញ់ចាប់ខ្លួន ។

ជិត​៣ឆ្នាំ​មកហើយ ក្រោយប៉ុនប៉ងរដ្ឋប្រហារ​មិនបានសម្រេច​នៅទួកគី ។ មនុស្សជាង ៧៧,០០០ នាក់​ត្រូវបានចាប់ឃុំខ្លួន និងកំពុង​បន្តជំនុំជម្រះក្តី ។ មនុស្ស​ប្រមាណ ១៥០,០០០ នាក់​ ដែលជាបុគ្គលិកស៊ីវិល, យោធា ។ ល ។ ត្រូវបានដកហូត តួនាទី មុខងារ ស្ថិតក្រោមកិច្ច​ប្រតិបត្តិការបង្ក្រាប​បណ្តាញរដ្ឋប្រហារនេះ ។ ការតាមប្រមាញ់​របស់​ប៉ូលិស​ទួកគីនៅតែបន្តធ្វើ​រហូតមកដល់សព្វថ្ងៃ ។

ក្រុមសិទ្ធិមនុស្ស​ និងសម្ពន្ធមិត្ត​លោកខាងលិច​របស់ទួកគី ​បានរិះគន់​អំពើ​បង្ក្រាប​របស់រដ្ឋាភិបាលទួកគី​នេះ ដោយនិយាយថា លោក Erdogan ប្រើប្រាស់​លេសធ្វើ​រដ្ឋប្រហារមិនសម្រេចនោះ​​ ដើម្បីបោសសម្អាត​ទៅលើក្រុមប្រឆាំង ។

រដ្ឋាភិបាល​លោក Erdogan បានអះអាងថា វិធានការសន្តិសុខ​ គឺជារឿងចាំបាច់ នៅចំពោះមុខ​របស់តួក ​ដែលកំពុងតែប្រឈមនេះ ហើយប្តេជ្ញាថា នឹងលុបបំបាត់ឲ្យអស់​ពីប្រទេសនេះ​ ចំពោះបណ្តាញ​របស់លោក Gulen ៕


ចែករំលែក៖