ព័ត៌មានទាន់ហេតុការណ៍៖

រឿងក្តីថៅកែដំឡើងឆាកប្រើអំពើហិង្សាលើនារីអ្នកចម្រៀងម្នាក់ ឈានដល់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ រឿងរ៉ាវ លោក ហុង ហ្ស៊ែន ថៅកែ​ដំឡើង​ឆាកតន្រ្តីខនសឺត ដែលប្រអំពើហិង្សា និង​តែងតាមយា​យី​ឈ្នានីសគ្រប់បែបយ៉ាងដាក់ កញ្ញា ប្រាក់ ផាន់នី ហៅប្រាក់ អមរា អាយុ១៩​ឆ្នាំ ជាអ្នកចម្រៀងអាជីពរហូតមានរបួសស្នាម ហើយកន្លងមកដោយសារនាងទ្រាំមិន​បានក៏​ដាក់​ពាក្យបណ្តឹងនៅ​តាម​មូលដ្ឋានដោះស្រាយមិនចេញនោះ មកដល់ពេលនេះសំណុំរឿងនេះ​បានមក​ដល់សាលា​ដំបូងរាជធានី​ភ្នំពេញហើយ បន្ទាប់ពីការ​ដោះស្រាយតាមប្រព័ន្ធ​ច្បាប់នៅ​សមត្ថកិច្ច​មូលដ្ឋាន​មិនបានលទ្ធផល ។

កញ្ញា ប្រាក់ ផាន់នី បានប្រាប់ឲ្យដឹងថា បណ្តឹងរបស់នាង ដែលប្តឹងទៅ​សមត្ថ កិច្ចកងរាជ​អាវុធ​ហត្ថខណ្ឌដង្កោ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងករណីឈ្មោះ ហុង ហ្ស៊ែន ប្រើអំពើហិង្សាឃោឃៅមកលើនាងបណ្តាលឲ្យមានរបួសស្នាមនិងចាត់ទុកជាការ រំលោភលើ​សិទ្ធិស្រ្តី​យ៉ាងធ្ងន់ធ្ងរ ជាការមិនរាង​ចាល​មិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំ​បទល្មើសចាស់និងថ្មី​ឡើយ។បណ្តឹងរបស់នាងមិនត្រូវមានដំណោះ​ស្រាយ​សមស្របនោះទេ ដូច្នេះនាង ត្រូវការរកប្រព័ន្ធច្បាប់នៅតុលាការម្តង ។

ទាក់ទិនករណីនេះ លោក ខេមរៈ ​ប្រធានការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិ តិជន កងរាជអាវុធហត្ថរាជធានីបានប្រាប់អង្គភាពកាសែតនគរវត្ត កាលពីព្រឹកថ្ងៃទី២ ខែកក្ក​ដា ឆ្នាំ២០១៩ ថា ដោយសារតែភាគីទាំងពីរមិនមានការសម្របសម្រួលគ្នានោះ លោកបាន​បញ្ជូនសំណុំរឿងនេះទៅសាលាដំបូងរាជធានីភ្នំពេញ​អនុវត្តតាមច្បាប់ច្រើនថ្ងៃ​មកហើយ ។​លោកថា រឿងនេះផុតពីដៃលោកហើយ បើចង់ដឹងសូមទៅទាក់ទងនៅសាលាដំបូង​រាជធា​នី​ភ្នំពេញ ។

យ៉ាងណាក្នុងរឿងរ៉ាវនេះក្រុមអ្នកច្បាប់បាននិយាយថា យោងតាមការរៀបរាប់និងបង្ហាញ​ភស្តុតាង​របស់នារីរងគ្រោះ​ខាង​លើនេះ លោក ហុង ហ្ស៊ែន អាចជាប់ពាក់ព័ន្ធបទល្មើសពីរ​ដែល​ត្រូវបូកផ្សំបញ្ចូលគ្នា​គឺទី១ពីបទ​រុកកួនខាងផ្លូវភេទ ហិង្សាមានស្ថានទម្ងន់ទោស និងទី២ បទល្មើសប្រព្រឹត្ត​ដដែល​ៗ​ដោយមិនរាងចាល មានស្ថានទម្ងន់ទោស ហើយនៅក្នុងក្រមព្រហ្ម​ទណ្ឌ​ថ្មីត្រង់មាត្រា២១៨ ចែងថា ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ ៤.០០០.០០០ រៀល ទៅ ១០.០០០.០០០រៀល កាលបើអំពើហឹង្សានេះបានប្រព្រឹត្ត ១-ដោយមានការគិតទុកជាមុន ។ ២- ឲ្យប្រើអាវុធ ឬគម្រាមកំហែងដោយអាវុធ។ ៣-ដោយមានមនុស្សច្រើននាក់ ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងអ្នកសមគំនិត។ ពោលបានន័យថា ជាការប្រព្រឹត្តហិង្សាឃោឃៅមិនរាង​ចាល​មិនទាន់ផុតអាជ្ញាកាលនៃបទល្មើស ដែលត្រូវបូកផ្សំបទល្មើសចាស់និងដើម្បីដាក់​បន្ទុក​នោះឡើយ។

កញ្ញា ប្រាក់ ផាន់នី បានបា្រប់ថា មានតែតុលាការទេដែលផ្តល់ភាពយុត្តិធម៌ដល់​នាងជា​ស្រ្តីភេទ​ទន់ខ្សោយគ្រាដែលមនុស្សប្រុសមានកម្លាំងពេញប្រើហិង្សា និងធ្វើទារុណកម្មមក​លើនាង។ ដូច្នេះនាងសង្ឃឹមថាតុលាការពិតជាមានសុភវិនិច្ឆ័យ កាត់ក្តីដោយយុត្តិធម៌​សម្រាប់នាង៕ ប្រាថ្នា


ចែករំលែក៖