ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់មុខ ជិះម៉ូតូឈប់វាលស្រែ នាំក្មេងស្រីមកកន្លែងស្ងាត់ ដោះយកគ្រឿងអលង្ការអស់ពីខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូធ្វើកម្មភាពលួងលោមក្មេងស្រី ខណៈកំពុងនៅចាំស្រូវតែម្នាក់ឯង យកទៅកន្លែងស្ងាត់ ហើយដោះយកទ្រព្យសម្បត្តិខ្សែក និងក្រវឹលមាស គេចខ្លួនដោយសុវត្ថិភាព ទើបក្មេងស្រីរងគ្រោះស្រែកយំ បង្កការភ្ញាក់ផ្អើលតែម្ដង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ និង៥នាទីរសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះ មានឈ្មោះ ខា​សារាណា​ អាយុ​៥ឆ្នាំ​ រស់ក្នុងភូមិធ្លក ឃុំ​ក្រោលគោ ​ស្រុកស្វាយជ្រំ ។

បើតាមក្រុមគ្រួសារក្មេងស្រីរងគ្រោះបានឲ្យដឹងថា ចំពោះទ្រព្យសម្បត្តិដែលត្រូវជនសង្ស័យដោះយកទៅបាត់ មានខ្សែក ​ផ្លាកទីន​១ជី​ និង​កង្វិលមាស៥​ហ៊ុន ។

តាមក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ម្ដាយបានឲ្យរូបនាងមកអង្គុយចាំស្រូវនៅស្រែ ព្រោះខ្លាចមានសត្វគោក្របីមកស៊ីស្រូវរបស់ខ្លួន ខណៈប្រមាណជាមួយម៉ោងក្រោយមក ស្រាប់តែមានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូហុងដាសេ១០០ ពណ៌ខ្មៅមួយគ្រឿង មកឈប់ក្បែរ ហើយក៏បានឲ្យនាងឡើងជិះម៉ូតូទៅជាមួយ រហូតដល់កន្លែងស្ងាត់ ក៏ធ្វើសកម្មភាពដោះយកគ្រឿងអលង្ការខ្សែក និងក្រវឹលរួចក៏បានជិះគេចខ្លួនបាត់តែម្ដង ។

ក្រោយមកក្មេងស្រីរងគ្រោះស្រែកយំ ឮដល់អ្នកភូមិទើបបង្កការភ្ញាក់ផ្អើល និងរាយការណ៍ម កសមត្ថកិច្ចមូលដ្ឋាន និងបានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅផ្ទះវិញផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានសាកសួរក្មេងស្រីខាងលើ ដើម្បីធ្វើកំណត់ហេតុ និងស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសឲ្យខាងតែបាន ៕ យឹម សុថាន


ចែករំលែក៖