ភ្នំពេញ៖ ទោះបីជាអាជ្ញាធរស្រុកបានចេញសេចក្តីជូនដំណឹង កោះហៅម្ចាស់រថយន្តដឹកដី ដឹកខ្សាច់មកណែនាំ និងធ្វើកិច្ចសន្យា ឲ្យអនុវត្តតាមគោលការណែនាំ របស់គណៈបញ្ជាការឯកភាពខេត្ត_ស្រុកយ៉ាងណាក៏ដោយ ក៏នៅតែមានរថយន្តដឹកដី ដឹកខ្សាច់មួយចំនួនមិនអនុវត្តតាមឡើយ ។
នេះជារូបភាព ថតបានកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៦ ចាប់ពីផ្សារព្រែកអញ្ចាញ់ មកដល់ផ្លូវបំបែកមហាវិថីឈ្នះ ឈ្នះ បង្ហាញពីសកម្មភាព រថយន្តដឹកខ្សាច់មួយគ្រឿងកំពុងធ្វើចរាចរលើផ្លូវជាតិលេខ៦ ដោយដឹកខ្សាច់សើមផ្ទុកលើសទ្រុងមិនមានគ្របកៅស៊ូតង់នោះទេ ។ លើសពីនេះទៀត ខ្សាច់សើមដែលផ្ទុកនៅលើរថយន្តហូរទឹកធ្លាក់មកលើផ្លូវជាតិ លាយឡំជាមួយនឹងខ្សាច់ថែមទាំងខ្ទាត់ប្រឡាក់សម្លៀកបំពាក់អ្នកជិះម៉ូតូទៀតផង ។
សកម្មភាពរថយន្តដឹកខ្សាច់សើមដែលធ្វើឲ្យអ្នកដំណើរិះគន់ទៅលើអាជ្ញាធរមូលដ្ឋានគ្មានភាពទទួលខុសត្រូវលើការងារគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈនេះបានកើតឡើងជារៀងរាល់ថ្ងៃ ភាគច្រើនគឺដឹកចេញពីដេប៉ូលក់ខ្សាច់នៅក្នុងឃុំព្រែកអញ្ចាញ់ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយធ្វើចរាចរលើផ្លូវជាតិលេខ៦ ឆ្លងកាត់មុខអធិការដ្ឋាននគរបាលស្រុក ឆ្លងកាត់មុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ឆ្លងកាត់មុខសាលាស្រុកកៀនស្វាយ និងឆ្លងកាត់ផ្សារព្រែកអញ្ចាញ់ ។
អ្វីដែលធ្វើឲ្យមហាជនរិះគន់នោះគឺ ដឹកជញ្ជូនខ្សាច់សើម មិនគ្របកៅស៊ូតង់ ទឹកហូរលាយខ្សាច់ធ្លាក់មកលើផ្លូវជាតិ ខ្ទាត់ទឹកលាយខ្សាច់មកលើអ្នកដំណើរ ។ សកម្មភាពដឹកជញ្ជូនធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានបែបនេះគួរតែអាជ្ញាធរស្រុកមុខកំពូល មានវិធានការទៅលើម្ចាស់ដេប៉ូលក់ខ្សាច់ និងក្រុមរថយន្តដឹកជញ្ជូនខ្សាច់ ឲ្យបានតឹងរ៉ឹងដើម្បីជាការព្រមាន ដល់រថយន្តដឹកដីដឹកខ្សាច់ផ្សេងៗទៀត ដែលកំពុងធ្វើអាជីវកម្មមិនគិតពីផលប៉ះពាល់ទៅលើអ្នកដំណើរ និងប្រជាពលរដ្ឋ ៕ សណ្តោស