ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិអង់គ្លេសម្នាក់ អង្គុយស្លាប់នៅលើកៅអី ក្នុងភោជនីយដ្ឋាន ដឹផាប់(THE PUB)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញកោសល្យវិច័យ បានបង្កើតគណៈកម្មាការចុះត្រួតពិនិត្យសពបុរសជនជាតិអង់គ្លេសម្នាក់ ខណៈដែលគេប្រទះឃើញអង្គុយស្លាប់ នៅលើកៅអី ដោយសង្ស័យថា អាចមកពីការប្រើប្រាស់គ្រឿងញៀនលើសកម្រិត ទើបបណ្ដាលឲ្យគាំងបេះដូងស្លាប់ និងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃអង្គារ ១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភោជនីយដ្ឋាន ដឹផាប់(THE PUB)ជាន់ទី៣ ផ្ទះលេខ៣ ផ្លូវលេខ១៧៤ ភូមិ១៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនបរទេសរូបនេះឈ្មោះRICHARD ANTHONY ជនជាតិអង់គ្លេស (ENGLAND) ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ554164382ស្នាក់នៅកន្លែងកើតហេតុ ។

យោងតាមរបាយការណ៍របស់នគរបាលជំនាញខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងបានគ្រប់គ្រងកន្លែងកើតហេតុ រួចបានរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យអន្តោប្រវេសន៍ និងលោកគ្រូពេទ្យកោសល្យវិច័យរាជធានី ដើម្បីបង្កើត គណៈកម្មការធ្វើការត្រួតពិនិត្យកោសល្យវិច័យពិនិត្យសព ។

ជាលទ្ធផលតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ និងការិយាល័យ ជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង ។ ចំពោះនៅកន្លែងកើតហេតុឃើញសម្ភារៈសពរួមមាន លិខិតឆ្លងដែនចំនួន០១ក្បាល លិខិតឆ្លងដែនសញ្ជាតិញូហ្សេលែន លេខ554164382 ទូរស័ព្ទដៃពណ៌ខ្មៅចំនួន០១គ្រឿង ខ្សែកចំនួន០១ខ្សែ លុយដុល្លារចំនួន៦៩ដុល្លារ លុយថៃចំនួន១២០បាត និងលុយម៉ាឡេចំនួន៩រីងហ្គិត ប័ណ្ណបើកបរចំនួន០២សន្លឹក និងកាតTESCOចំនួន០១សន្លឹក និងខោអាវមួយចំនួនបានប្រគល់ឲ្យ ការិយាល័យអន្តោប្រវេសន៍ដើម្បីរក្សាទុក ។

បច្ចុប្បន្ន សព ត្រូវបានខាងជំនាញបច្ចេកទេសបានដឹកយកទៅពេទ្យមិត្តភាពខ្មែរសូវៀត(ហៅពេទ្យរុស្សី) ខណ្ឌចំការមន រាជធានីភ្នំពេញ រង់ចាំខាងស្ថានទូតទំនាក់ទំនងជាមួយក្រុមគ្រួសារ ដើម្បីទទួលសពយកទៅធ្វើបុណ្យ ៕ស តារា


ចែករំលែក៖