ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៣៨ខ្នង ក្នុងខេត្តស្វាយរៀង ដួលរលំ របើកដំបូល និងបាក់បង្គោលអង់តែនវិទ្យុទាក់ទងចំនួន១បង្គោលស្មើ ២០កង់ (ប្រវែង៦០ ម៉ែត្រ)

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋ៣៨ខ្នង និងបង្គោលអង់តែនវិទ្យុទាក់ទងចំនួន ១បង្គោលស្មើ ២០កង់ (ប្រវែង៦០ ម៉ែត្រ)ត្រូវដួលរលំ និងរបើកដំបូល ដោយសារភ្លៀងលាយខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុងបាវិត ស្រុកចន្ទ្រា ស្រុករំដួល និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

បើតាមអាជ្ញាធរខេត្តបានឲ្យដឹងថា នៅស្រុកកំពង់រោទ៍កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានករណីខ្យល់កន្ត្រាក់មួយកើតឡើង បណ្តាលឲ្យរលំ និងប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ចំនួន១៥ខ្នង ស្មើចំនួន៣ឃុំ មានឃុំខ្សែត្រ ឃុំស្វាយតាយាន និងឃុំសំឡី ។

ចំណែកស្រុកចន្ទ្រា កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ មានភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យប៉ះពាល់ និង ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ ឃុំគឺឃុំច្រេស និងឃុំមេសរថ្ងក សរុបផ្ទះចំនួន ១៥ ខ្នង ក្នុងនោះធ្ងន់ធ្ងរចំនួន ០៣ ខ្នង និង អគារសិក្សាសាលាបឋមសិក្សា ហ៊ុន សែន ច្រេស របើកដំបូល ០១ ខ្នង អស់ ០៣ បន្ទប់ ធ្វើឲ្យខូចខាតឯកសារ សៀវភៅសិក្សា និង សម្ភារមួយចំនួន នៅតាមបន្ទប់ទីចាត់ការសាលាបណ្ណាល័យ និង ថ្នាក់រៀន ។

ដោយឡែក នៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ទទួលរងនូវខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតទាំងស្រុង នូវបង្គោលអង់តែនវិទ្យុទាក់ទងចំនួន ០១ បង្គោល ស្មើ ២០ កង់ (៦០ ម៉ែត្រ) ។

ប្រភពបន្តថា ស្រុករំដួល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៣រសៀល មានភ្លៀងធ្លាក់មួយមេ មានខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៥ខ្នង ក្នុងឃុំធ្មារ ស្រុករំដួល ខេត្តស្វាយរៀង និងក្រុងបាវិត មាន៣ខ្នង ប៉ុន្តែមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ៕ យឹម សុថាន


ចែករំលែក៖