ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាមុខសញ្ញាជួញដូរគ្រឿងញៀន បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ឃុំឃាំង របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ។
ជនសង្ស័យដែលធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ ពៅ សុភ័ក្រ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ ឆ្នាំង ។
ពាក់ព័ន្ធ នឹងការស្លាប់របស់ជនសង្ស័យនេះ លោក ឧត្តមសេនីយត្រីអ៊ៀរ ប៊ុនធឿន អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅព្រឹក ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ថា ជនសង្ស័យបានធ្វើអត្តឃាតខ្លួនឯង ដោយយកអាវចង ក ភ្ជាប់ នឹងទ្វារដែក របស់បន្ទប់ឃុំឃាំង ក្រោយពីសមត្ថកិច្ចជំនាញបានសាកសួរចម្លើយរួចរាល់ហើយ ក៏បានបញ្ជូនទៅកាន់បន្ទប់ឃុំឃាំង ។
លោក អ៊ៀ ប៊ុនធឿន បានបញ្ជាក់ទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ជនសង្ស័យធ្លាប់ជាប់ពន្ធនាគាររយៈពេលជាង២ ឆ្នាំ ក្នុងករណីជួញដូរគ្រឿងញៀន ហើយទើបនឹងចេញពីពន្ធនាគារ ហើយបានធ្វើសកម្មភាពបន្តទៀត និងមានសកម្មភាពកាន់តែធំជាងមុន ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។
ក្រោយពីធ្វើកោសល្យវិច័យ ដែលមានការចូលរួមពីស្ថាប័នអយ្យការផងនោះ បានបញ្ជាក់ថា ជនសង្ស័យពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដ ដោយយកអាវដែលពាក់នឹងខ្លួន ដោះយកមកចងកនឹងទ្វារដែក ។
តាមការសន្និដ្ឋាន ជនសង្ស័យអាចគិតអំពើទម្ងន់នៃទោសដែលខ្លួនបានប្រព្រឹត្តជាលើកទី២ ក្នុងករណីបទលើ្មសដដែល ទើបធ្វើឲ្យជនសង្ស័យគិតខ្លីបែបនេះ ។
គួររំឭកដែរថា ជនសង្ស័យដែលបានស្លាប់ឈ្មោះ ពៅ សុភ័ក្រ ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ ឆ្នាំង ឃាត់ខ្លួនកាលពីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធបទល្មើស ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវមុខហាងនំប៉័ងយីហោ ហេង ចំរើន ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ ឆ្នាំង ខេត្តកំពង់ ឆ្នាំង ។
នៅពេលឃាត់ខ្លួន សមត្ថកិច្ច បានរកឃើញវត្ថុតាង គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE ហៅ ម៉ាទឹកកក ចំនួន ១៥កញ្ចប់ (តូច ១៤កញ្ចប់ និងធំ១កញ្ចប់), ម៉ូតូ ១គ្រឿង, ទូរស័ព្ទ ០១គ្រឿង, VISA កាត(អេស៊ីលីដា) ០១សន្លឹក, កាបូបស្ពាយ ១ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនផងដែរ ៕ ចន្ថា